សង្គម

សម្តេចតេជោ៖ បញ្ហាដាច់ភ្លើងនៅឆ្នាំនេះទុកជាបទពិសោធន៍ ហើយឆ្នាំក្រោយមិនឲ្យមានរឿងច្រំដែលកើតឡើងទៀតទេ

BY
Khmernote Media
June 3, 2019

នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលកោះពេជ្រ។

ក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពេលនេះរដូវប្រាំងបានបញ្ចប់ ហើរដូវវស្សាវបានចូលមកក្នុងរយៈពេលជាង ២សប្តាបហ៍កន្លងមកហើយ យើងផុតកង្វល់អំពីបញ្ហាខ្វះទឹកប្រើប្រាស់ដែលពីមុនមានការកង្វក់ខ្លាំងណាស់ ប៉ុន្តែយើងបានដោះស្រាយបញ្ហានោះតាមរយៈការខិតខំនៅតាមទីកន្លែងខ្លះខ្វះទឹកបានជួយយកទៅផ្តល់ឲ្យប្រជាពលរដ្ឋ និងជីកបន្ថែមអណ្តូងទឹក ស្រះទឹក នៅទីនោះ ដែលបានធ្វើឲ្យការខ្វះទឹកសម្រាប់ការប្រើប្រាស់លែងព្រួយបារម្ភហើយ។ ប៉ុន្តែយើងនៅមានបញ្ហាទាក់ទិននឹងការខ្វះខាត់ទឹកផ្តល់ឲ្យទំនប់វារីអគ្គិសនីដែលធ្វើឲ្យអគ្គិសនីរបស់យើងគ្មានស្ថិរភាពនៅក្នុងការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់។

ឆ្នាំនេះបានផ្តល់បទពិសោធន៍ឲ្យយើងច្រើនដែលយើងត្រូវរកវិធីដោះស្រាយដើម្បីជៀសវាងបញ្ហាច្រំដែលនៅឆ្នាំខាងមុខ។ ជាក់ស្តែងថាមពលរវារីអគ្គិសនីរបស់យើងអាចផលិតថាមពលអគ្គីសនីបានប្រមាណជិត ១,៤០០មេហ្គាវ៉ាត់ ដែលមានទំនប់វារីអគ្គិសនី គីរីរម្យ១ , ទំនប់វារីអគ្គីសនីកំចាយ, ទំនប់វារីអគ្គិសនី គីរីរម្យ៣, ទំនប់វារីអគ្គិសនី ស្ទឹងអាតៃ , ទំនប់វារីអគ្គិសនី ស្ទឹងឬស្សីជ្រុំក្រោម, ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ និងទំនប់វារីអគ្គិសនី សេសានក្រោម២ តែការផលិតថ្ងៃខ្លះផលិតមិនបានពាក់កណ្តាលផង ដែលជាចំនួនមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រាសាន៍ថា តាមរយៈរបាយការណ៍ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នថាមពលអគ្គិសនីដើរដោយធ្យូងថ្មចំនួន ៣៧០ មេហ្គាវ៉ាត់ បានដំណើរការហើយ និងមានរោងចក្រមួយផ្សេងទៀតដែលអាចផ្តល់ថាមពលប្រមាណ ១៣៥មេហ្គាវ៉ាត់យើងបានខិតខំដាក់ឲ្យដំណើការក្នុងថ្ងៃនេះ។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទីក្រុងភ្នំពេញត្រូវតែត្រៀមថាមពលអគ្គិសនីប្រមាណ ៤០០មេហ្គាវ៉ាត់បន្ថែមទៀត ដែលបានអនុម័តថវិការ និងបានធ្វើការបញ្ជារទិញហើយ និងខិតខំធ្វើឲ្យបានរួចរាល់នៅក្នុងអំឡុងខែតុលាខាងមុខនេះ ដែលក្នុងនោះ ២០០មេហ្គាវ៉ាត់ទិញពីប្រទេស ប្រែសហ្វាងឡង់ និង២០០មេហ្គាវ៉ាត់ទិញពីប្រទេសអាល្លឺម៉ង់ ដែលប្រភពអគ្គិសនីទាំងពីរនេះប្រើដោយប្រេងខ្មៅ។ ហើយនៅពេលខាងមុខយើងនឹងបង្កើតប្រភពថាមពលអគ្គិសនីដែលដើរដោយថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀត ដូច្នេះពេលរដូវវស្សាយើងអាចទទួលបានថាមពលអគ្គិសនីតាមរយៈប្រភពទឹកនៃវារីអគ្គិសនី, ធ្យូថ្ម , ហ្គាសផង និងប្រេងឥន្ទនៈដែរ ហើយពេលរដូវក្តៅវិញយើងមានប្រភពអគ្គិសនីតាមរយៈពន្លឺព្រះអាទិត្យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី សុំការអព្យាស្រ័យពីប្រជាពលរដ្ឋដែលកន្លងទៅមានការអាក់ខានដោយសារការកាត់ភ្លើងនៅតំបន់មួយចំនួនទៅបំពេញតំបន់ផ្សេងទៀត ដើម្បីធ្វើការផ្លាស់ប្តូរគ្នា ដែលធ្វើឲ្យប្រជាពលរដ្ឋយើងជួបការលំបាក តែតាមរយៈការខិតខំរបស់យើង ឆ្នាំក្រោយមិនមានរឿងច្រំដែលកើតឡើងអំពីរបញ្ហាខ្វះខាតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទៀតឡើយ។

Share This Post: