ក្មេងស្រីអាយុ៤ឆ្នាំត្រូវឆក់ខ្សែភ្លើងស្លាប់ ដោយសារប្រើប្រាស់ទូរស័ព្ទកំពុងបញ្ចូលថ្មទាំងដៃសើម
បើទោះជាករណីឆក់ខ្សែភ្លើងស្លាប់ដោយសារតែប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលបញ្ចូលថ្មបានកើតមានជារឿយៗក្តី តែមនុស្សមួយចំនួននៅតែមិនខ្លាច ឬមិនចាប់អារម្មណ៍ការពារខ្លួនពីគ្រោះថ្នាក់នេះដដែល។ តួយ៉ាងកាលពីពេលថ្មីៗនេះ ករណីក្មេងស្រីម្នាក់អាយុ ៤ ឆ្នាំ ត្រូវឆក់ខ្សែភ្លើងស្លាប់ ព្រោះតែប្រើប្រាស់ទូរស័ព្ទកំពុងបញ្ចូលថ្មបានកើតមានជាថ្មីម្តងទៀត ហើយរឿងនេះត្រូវបានគេចែករំលែកពេញបណ្តាញសង្គម ខណៈអត្តសញ្ញាណពិតប្រាកដរបស់ជនរងគ្រោះមិនត្រូវបានគេបង្ហាញនោះទេ។

បើតាមសារព្រមានមួយដែលឪពុករបស់ក្មេងស្រីរងគ្រោះបានបង្ហោះតាមបណ្តាញសង្គម WhatsApp បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុកូនស្រីរបស់គាត់បានទៅចុចលេងទូរស័ព្ទដែលកំពុងបញ្ចូលថ្មទាំងដៃរបស់នាងនៅសើមនៅឡើយ ហើយពេលនោះគាត់ក៏បានហាមកូនស្រីដែរតែនាងមិនព្រមធ្វើតាម ហើយបន្តិចក្រោយមកនាងក៏ត្រូវឆក់ខ្សែភ្លើងស្លាប់តែម្តង។ ឪពុកក្មេងស្រីរងគ្រោះបានធ្វើការព្រមានថា សូមប្រិយមិត្តទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះករណីនេះឲ្យបានខ្ពស់បំផុត ព្រោះការធ្វេសប្រហែសតែបន្តិចអាចធ្វើឲ្យមនុស្សស្លាប់បាន៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz
