ម្យ៉ាងដែរ! ស្ត្រីចិនម្នាក់លាឈប់ការងារជាគិលានុបដ្ឋាយិកា មកច្នៃក្រណាត់កន្ទបឲ្យសត្វបក្សី មួយខែរកចំណូលបានរាប់ពាន់ដុល្លារ
ស្រ្តីជនជាតិចិនម្នាក់ត្រូវបានគេរាយការណ៍ថា អាចរកប្រាក់ចំណូលបានប្រមាណជា ៣០ ០០០ យន់ (៤ ៣០០ ដុល្លារ) ក្នុងមួយខែពីការលក់ក្រណាត់កន្ទបសម្រាប់សត្វបក្សីដែលនាងបានច្នៃឡើងដោយផ្ទាល់ដៃរបស់នាង។ ស្រ្តីដែលមានគំនិតច្នៃប្រឌិតខ្ពស់នេះមានឈ្មោះថា Zheng Han អាយុ ២៥ ឆ្នាំ រស់នៅក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ នាងជាអតីតគិលានុបដ្ឋាយិកាម្នាក់ និងបានបោះបង់ការងារនេះនៅឆ្នាំ ២០១៤ ដើម្បីមកចាប់អាជីពជាអ្នកច្នៃក្រណាត់កន្ទបសម្រាប់បក្សី។

នាងបានប្រាប់អ្នកសារព័ត៌មានថា កន្ទបសម្រាប់បក្សីត្រូវបានច្នៃឡើងដោយមានក្រណាត់កប្បាសនៅខាងក្រៅ និងផ្នែកខាងក្នុងគឺក្រណាត់ដែលមិនជ្រាបទឹក។ កន្ទបសម្រាប់បក្សីគឺជាម្រើសដ៏ល្អមួយសម្រាប់អ្នកដែលចូលចិត្តចិញ្ចឹមបក្សីនៅតាមផ្ទះ និងមិនចង់ពិបាកលាងសម្អាតអាចម៍បក្សីដែលតែងតែជុះពាលវាលពាលកាលគ្រប់ពេលវេលា។ កន្ទបបក្សីត្រូវបានគេលក់នៅក្នុងទីផ្សារក្នុងតម្លៃ ២០ យន់ (៣ ដុល្លារ) សម្រាប់កន្ទបមួយ ហើយរហូតមកទល់នឹងពេលនេះមានការបញ្ជាទិញកន្ទបនេះរាប់ពាន់ក្នុងមួយខែៗ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark
