បុរសហ្វីលីពីនម្នាក់អាចច្នៃកាកសំណល់ប្លាស្ទិកឲ្យក្លាយទៅជាតុ និងកៅអី សម្រាប់ឲ្យសិស្សប្រើប្រាស់
បុរសហ្វីលីពីនម្នាក់ដែលបានច្នៃកាកសំណល់ប្លាស្ទិកឲ្យក្លាយទៅជាតុ និងកៅអី សម្រាប់ប្រើប្រាស់នៅក្នុងថ្នាក់រៀន កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។ បុរសដែលស្រលាញ់បរិស្ថាន និងមានគំនិតច្នៃប្រឌិតខ្ពស់នេះត្រូវបានគេរាយការណ៍ថា មានឈ្មោះ Winchester Lemen ជាវិស្វករមេកានិចម្នាក់ និងជាប្រធានកម្មវិធី Envirotech Waste Recycling (កម្មវិធីសម្រាប់អ្នកស្ម័គ្រចិត្តនាំគ្នាប្រើប្រាស់បច្ចេកវិទ្យាកែច្នៃកាកសំណល់ផ្សេងៗឲ្យមានប្រយោជន៍សម្រាប់បរិស្ថាន) ក្នុងប្រទេសហ្វីលីពីនផងដែរ។

ដើម្បីបង្កើតបានជាតុ និងកៅអីនេះ ដំបូងឡើយគេត្រូវដើរប្រមូលកាកសំណល់ប្លាស្ទិក នៅឯកន្លែងចោលសំរាម បន្ទាប់មកគេត្រូវលាងទឹកវាឲ្យស្អាត ដុតរំលាយវារួចហើយក៏ចាក់ទៅក្នុងពុម្ពតុ និងកៅអី និងទុកឲ្យវារឹងល្អទើបអាចយកមកប្រើបាន។ សូមបញ្ជាក់ថា ហ្វីល្វីពីនត្រូវបានគេរកឃើញថាជាប្រទេសដែលមានការបំពុលបរិស្ថានសមុទ្រដោយប្លាស្ទិកធំបំផុតលំដាប់ទី ៣ ក្នុងពិភពលោក។ តួលេខបានបង្ហាញថាក្នុងមួយថ្ងៃហ្វីលីពីនបង្កើតកាកសំណល់ប្លាស្ទិកជាកញ្ចប់តូចៗចំនួន ១៦៣ លានកញ្ចប់ ថង់សម្រាប់ច្រកឥវ៉ាន់នៅតាមផ្សារចំនួន ៤៨ លានថង់ និងថង់សម្រាប់រុំរបស់ផ្សេងៗចំនួន ៤៥ លានថង់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark

