ពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន
(ខេត្តសៀមរាប)៖ តាមសេចក្ដីជូណដំណឹងពី រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន។

រូបតំណាង
រដ្ឋបាលបាលខេត្តសៀមរាប បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងថា ចំពោះការបញ្ចៀសចរាចរជាបណ្តោះអាសន្ន និងការរៀបចំណតយានយន្ត គ្រប់ប្រភេទ នៅក្នុងតំបន់រៀបចំកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្ត នាឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបខាងមុនខនេះ។
ដោយ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ រដ្ឋបាលក្រុងសៀមរាប មន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំកម្មវិធី ផ្សារទឹក និងជិះទូកកម្សាន្ត ដោយមានកម្មវិធីមួយចំនួន រួមមាន៖ កម្មវិធីជិះទូកកម្សាន្ត កម្មវិធីប្រណាំងទូក មិត្តភាពសៀមរាបផ្ទះខ្ញុំ កម្មវិធីប្រគំតន្ត្រីស្គរដៃ កម្មវិធីស្តង់ពិព័រណ៍ កម្មវិធីប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និង កម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៥ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅសួនព្រះរាជដំណាក់ និងតាម បណ្តោយដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងជំរុញដល់វិស័យទេសចរណ៍ ក្នុងខេត្តឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមក្នុងការស្តារ និងលើកស្ទួយសេដ្ឋកិច្ចខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរថែមទៀតតាមរយៈការគាំទ្រផលិតផលខ្មែរ ដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ ដោយ អនុវត្តតាមពាក្យស្លោក “ភូមិមួយផលិតផលមួយ”។
ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរនៅក្នុងព្រះរាជពិធីបុណ្យខាងលើនេះ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន ចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ០៨:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី ដូចខាងក្រោម៖
១. កំណាត់រុក្ខវិថីព្រះសីហនុ ចាប់ពីស្តុបសួនព្រះរាជដំណាក់ ដល់រង្វង់មូលស្ពានថ្ម ព្រះរាជដំណាក់ និងកំណាត់ផ្លូវមុខព្រះរាជដំណាក់។
២.កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីរង្វង់មូលស្ពានថ្មព្រះរាជដំណាក់ដល់ស្ពានវត្តរាជបូណ៌ និងបណ្តាកំណាត់ផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប។
៣.កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវប៉ែកខាងកើតស្ទឹង) ចាប់ពីស្ពានវត្តរាជបូណ៌ ដល់ស្ពានអតីត
មន្ទីរទេសចរណ៍ខេត្ត និងបណ្តាកំណាត់ផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប។
៤.កំណាត់វិថីសូរ្យវរ្ម័នទី២ (ផ្លូវជាតិលេខ៦) ចាប់ពីស្តុបកោះកេរ្តិ៍ ដល់សណ្ឋាគារជេសវ័ន (J7)។
៥.កំណាត់ផ្លូវ២ធ្នូ ចាប់ពីមន្ទីរពេទ្យបង្អែកខេត្ត ដល់ស្ពានវត្តដំណាក់ និងកំណាត់ផ្លូវក្នុង តំបន់ផាប់ស្ត្រីត និងផ្សារចាស់ និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ ជាក់ស្តែង។
៦.ទីតាំងចំណតយានយន្តគ្រប់ប្រភេទនៅតាមចំណុច និងទីតាំងដូចមាននៅក្នុងប្លង់ផែនទី ភ្ជាប់ជាមួយដូចជា៖
១. ទីតាំងវិទ្យាល័យ ១០ មករា ១៩៧៩
២. ដីឡូត៍តារាងកីឡាបាល់ទះ ក្រោយមន្ទីរពេទ្យកុមារអង្គរ
៣. ចំណតរថយន្តអតីតអាងក្រពើ
៤.សាលាបឋមសិក្សា សម្តេចជាស៊ីម
៥. សាលាបឋមសិក្សាស្ទឹងថ្មី
៦. វត្តដំណាក់
៧.សាលាបឋមសិក្សា វត្តរាជបូណ៌
៨. វត្តពោធិ៍លង្កា និងទីតាំងចំណតមួយចំនួនទៀតតាមការចង្អុលបង្ហាញ របស់សមត្ថកិច្ចតាមភាពជាក់ស្តែង (ដូចមានបង្ហាញក្នុងប្លង់ផែនទី)៕



ប្រភព៖ រដ្ឋបាលខេត្តសៀមរាប