ដឹងការពិតហើយ! ដោយសារខឹងលោកសង្ឃ ស្រោចទឹកហើយយីអ៊ុនដាក់ពេក ស្រីស្អាតរូបស្រស់ដកកាំភ្លើងបាញ់ផ្អើលកុដិតែម្តង
រាជធានីភ្នំពេញ៖ ស្រីស្អាតរូបស្រស់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយដកកាំភ្លើងខ្លីមួយដើមតាមបាញ់លោកសង្ឃដល់កុដិ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រលប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកុដិលេខ ២៣ វត្តសារាវ័ន្ត ផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្រីជើងខ្លាំងរូបនោះមានឈ្មោះ ផាន ស្រីលីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយកាំភ្លើងខ្លី ដែលជនសង្ស័យធ្វើការបាញ់ប្រហារនោះ គឺជាអាវុធខ្លីម៉ាក ZORAKI M906 លេខ០០០១២៦។ ចំណែកជនរងគ្រោះ ឈ្មោះសឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ គង់នៅកុដិលេខ២៣ ក្នុងវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានទៅកុដិកើតហេតុ ដើម្បីជួបជនរងគ្រោះរឿងស្រោចទឹកហើយធ្វើឲ្យយីអ៊ុនដាក់ រកស៊ីមិនឡើង និងដេកមិនលក់ ដោយមានអារម្មណ៍ដូចត្រូវអំពើ ដែលស្រោចទឹកតាំងពីអំឡុងពាក់កណ្តាលឆ្នាំ២០១៧នោះ ជនបង្កក៏ខឹង ហើយដកកាំភ្លើងខ្លីបាញ់ចំនួន០២គ្រាប់ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ រួចក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនៅក្បែរនោះ បន្ទាប់មកក៏ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនបង្កតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានសារភាពថា អាវុធខ្លីខាងលើខ្លួនបានទិញក្នុងតម្លៃ ១,៥០០ដុល្លារ នៅប្រទេសថៃ កាលពីដើមខែមេសា ឆ្នាំ២០១៩ ថ្មីៗនេះ ហើយខ្លួនពិតជាបានបាញ់ប្រហារមែន។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាផ្លូវច្បាប់៕

អត្ថបទ៖ សេម


