ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តតាកែវ នាំយកពូជស្រូវជិត ៣០តោន ចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់លិចដំណាំស្រូវ ក្នុងស្រុកចំនួន៥

    BY soknita November 8, 2025
    រដ្ឋបាលខេត្តតាកែវ នាំយកពូជស្រូវជិត ៣០តោន ចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់លិចដំណាំស្រូវ ក្នុងស្រុកចំនួន៥

    (ខេត្តតាកែវ)៖ នៅរសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ នាំយកពូជស្រូវជិត ៣០តោន ចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់លិចដំណាំស្រូវ ក្នុងស្រុកចំនួន៥។

    ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និង អភិបាលស្រុកទ្រាំង ស្រុកអង្គរបូរី ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកព្រៃកប្បាស បានអញ្ជើញអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានអញ្ជើញនាំយកពូជស្រូវ ចំនួន ២៩៩០០គីឡូ មកចែកជូនពលរដ្ឋចំនួន ២៩៩គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ ជន់លិចដំណាំស្រូវ ស្រុកចំនួន៥ ក្នុងខេត្តតាកែវ។

    ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹងថាសម្រាប់ខេត្តតាកែវ ការបង្កបង្កើនផលស្រូវរដូវវស្សា និងរដូវប្រាំងរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តតាកែវ មានការកើនឡើងទៅតាមផែនការដែលបានគ្រោងទុក្ខ ហើយ នៅរដូវវស្សាកន្លងទៅនេះ ស្រូវរបស់បងប្អូនប្រជាកសិករមួយចំនួន ត្រូវបានរងគ្រោះដោយសារទឹកជំនួនភ្លៀង ក៏ប៉ុន្តែ អាជ្ញាធរខេត្តជាពិសេសរាជរដ្ឋាភិបាល និងក្រសួងកសិកម្មបានយកចិត្តទុកដាក់ចុះជួយបងប្អូនបានទាន់ពេលវេលា។

    ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម ក្នុងការជួយកសិករដែលរងគ្រោះឱ្យទឹកជំនន់ និងបានស្វះស្វែងរកទីផ្សារកសិផលជូនបងប្អូនប្រជាកសិករផងដែរ។ ហើយបើទោះបីជាតម្លៃស្រូវមានការធ្លាក់ចុះក៏ដោយ ក៏រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការជួយកសិករ ក្នុងការបញ្ចុះថ្លៃដើមក្នុងការផលិតឱ្យមានតម្លៃទាប ដូចជាជីកសិកម្ម និងថ្នាំបាញ់សម្លាប់សត្វអត់ជាដើម ដោយធ្វើ យ៉ាងណានាំឱ្យការលក់ស្រូវរបស់កសិករនៅតែមានការចំណេញ។

    ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពី កម្មវិធីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលក្នុងការរក្សាលំនឹងថ្លៃ កាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍ កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងការងារកសិកម្ម ដល់កសិករ ផងដែរ។

    សូមបញ្ជាក់ជូនថា ពូជស្រូវចំនួនប្រមាណ ៣០ តោនត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះចែកដល់បងប្អូន ប្រជាកសិករទៅរោងការប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងស្រុកចំនួន ៥របស់ខេត្តតាកែវ ចំនួន ២៩៩គ្រួសារ៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: