សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះ ១.៧៨៣គ្រួសារ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ឆ្លើយតបតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន១.៧៨៣គ្រួសារ ក្នុងនោះរស់នៅក្នុងខេត្តរតនគិរីចំនួន៨៥០គ្រួសារ និងខេត្តមណ្ឌលគិរីចំនួន៩៣៣គ្រួសារ។

ពិធីចែកអំណោយនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមន្ត្រីទីស្នាក់ការកណ្តាល ដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ នឹងអញ្ជើញចុះចែកជូនប្រជាជនរស់នៅខេត្តរតនគិរីចំនួន៨៥០គ្រួសារ និងនៅខេត្តមណ្ឌលគិរីចំនួន ៩៣៣គ្រួសារ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗនឹងទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប និងឃីត១កញ្ចប់៕

ប្រភព៖ ក្រសួងព័ត៌មាន