ទើបរៀបការថ្មីថ្មោង ប្រពន្ធស្មានតែប្តីហៅទៅក្រៅប្រទេសដើរលេងក្រេបទឹកឃ្មុំ តាមពិតប្តីប្រើល្បិចឲ្យទៅរត់ពន្ធគ្រឿងញៀនជាមួយសោះ
ដំណើរកំសាន្តក្រេបទឹកឃ្មុំរបស់ប្តីប្រពន្ធ ដែលទើបនឹងរៀបការរួចមួយគូត្រូវបានរលាយដូចផេះ ក្រោយពួកគេត្រូវប៉ូលិសឃាត់ខ្លួននៅព្រលានយន្តហោះជុំវិញករណីរត់ពន្ធគ្រឿងញៀនខុសច្បាប់។ ប្តីប្រពន្ធមួយគូនេះរស់នៅក្នុងប្រទេសកូឡុំប៊ីដោយបុរសជាប្តីមានឈ្មោះថា Johana Estrada អាយុ ២៩ ឆ្នាំ និងស្រ្តីជាប្រពន្ធមានឈ្មោះថា Samir Aristizabal អាយុ ៣២ ឆ្នាំ។ ក្រោយរៀបការរួចពួកគេបានរៀបចំដំណើរកំសាន្តក្រេបទឹកឃុំមួយឆ្ពោះទៅកាន់ទីក្រុង Punta Cana សាធារណៈរដ្ឋដូមីនីកែន។ យ៉ាងណាក្តី ពេលទៅដល់ព្រលានយន្តហោះភ្លាមស្រាប់តែបុរសជាប្តីបានប្រាប់ស្រ្តីជាប្រពន្ធថា គាត់បានលាក់គ្រឿងញៀនប្រភេទកាកូអ៊ីន ១ឦ៨៧១ ក្រាមនៅក្នុងវ៉ាលី ហើយសូមឲ្យស្រ្តីជាប្រពន្ធជួយលាក់រឿងនេះផង ព្រោះថាដំណើរកំសាន្តរបស់ពួកគេជាដំណើរកំសាន្តក្រេបទឹកឃ្មុំ ដូចនេះប្រហែលជាប៉ូលិសមិនសង្ស័យនោះទេ។

ក្រោយទទួលដំណឹងនេះ ស្រ្តីជាប្រពន្ធហួសចិត្តយ៉ាងខ្លាំងស្ទើរតែធ្លាក់បេះដូងដល់ដី ហើយបន្តិចក្រោយមកបន្ទាប់ពីនាងបានគិតយ៉ាងល្អិតល្អន់ នាងក៏សម្រេចទៅសារភាពរឿងនេះទៅកាន់ ប៉ូលិសតែម្តង។ ប៉ូលិសប្រចាំព្រលានយន្តហោះក៏បានឃាត់ខ្លួនប្តីប្រពន្ធទាំងពីរនាក់នេះ ហើយក្រោយការសាកសួរ និងស៊ើបអង្កេត ស្ត្រីជាប្រពន្ធត្រូវបានដោះលែងវិញ ព្រោះនាងគ្មានកំហុសនោះទេ ខណៈបុរសជាប្តីត្រូវទទួលទោសពីបទរត់ពន្ធគ្រឿងញៀនខុសច្បាប់៕
អត្ថបទ៖ភក្តី
ប្រភព៖dailymail


