ថៃ រឹតបណ្តឹងការនាំចូលអង្ករដំណើបពីវៀតណាម ឆ្លងកាត់កម្ពុជា ចូលមកប្រទេសខ្លួន ព្រោះខ្លាចធ្វើឲ្យប៉ះពាល់ដល់តម្លៃទីផ្សារក្នុងស្រុក
ថៃ៖ មន្ទីរពាណិជ្ជកម្មរបស់ថៃបានជំរុញឲ្យមន្ត្រីសន្តិសុខ និងគយនៅតាមព្រំដែនត្រូវយកចិត្តទុកដាក់ និងបង្ក្រាបករណីនាំចូលនូវអង្ករដំណើបក្នុងតម្លៃថ្លៃចូលមកក្នុងប្រទេសថៃ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃអង្ករដំណើបនៅក្នុងទីផ្សារប្រទេសថៃ។ លោក Whichai Phochanakij ប្រធានមន្ទីរខាងលើបានឲ្យដឹងថា នៅក្នុងរដូវផ្លែទុរេន និងផ្លែស្វាយទុំនេះ តម្រូវការនៃការបញ្ជាទិញអង្ករដំណើបមានការកើនឡើងខ្ពស់ ហើយក្នុងពេលវេលាអំណោយផលនេះមានឈ្មួញជាច្រើនបាននាំអង្ករដំណើបពីប្រទេសវៀតណាមកាត់តាមកម្ពុជា ដើម្បីយកទៅលក់ក្នុងប្រទេសថៃ ដែលធ្វើអោយអង្ករដំណើបថៃឡើងថ្លៃ (៩០០ ដុល្លារក្នុង ១ តោន) ខណៈអង្ករដំណើបវៀតណាម មានតម្លៃថោកជាង (៥០០ ដុល្លារក្នុង ១ តោន)។
ជាទូទៅឈ្មួញទាំងនេះតែងលក់អង្ករដំណើបថ្លៃជាងតម្លៃទីផ្សារហើយនិន្នាការនេះក៏បានជំរុញឲ្យប្រជាកសិករថៃព្យាយាមលក់អង្ករដំណើបរបស់ពួកគេឡើងថ្លៃតាមពួកឈ្មួញផងដែរ។ ប្រធានមន្ទីររូបនេះបានបន្តថា ការកើនឡើងនូវតម្លៃអង្ករដំណើបអាចជារឿងល្អមួយសម្រាប់ប្រជាកសិករថៃ តែវាបានប៉ះពាល់ដល់តម្លៃទីផ្សារ និងប៉ះពាល់ដល់អ្នកទិញអង្ករនេះយកទៅប្រើប្រាស់ផងដែរ។ ដើម្បីទប់ស្កាត់បញ្ហានេះ ទើបរដ្ឋាភិបាលថៃបានសម្រេចត្រូវតែធ្វើការត្រួតពិនិត្យជាពិសេសលើតម្លៃអង្ករដំណើប ដែលត្រូវនាំចូលទៅក្នុងប្រទេសថៃ ទាល់តែមានតម្លៃស្របតាមទីផ្សារទើបអាចនាំចូលបាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost