ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី សំណូមពរឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យបញ្ហាមួយនេះ ក្រោយកើតមានគ្រោះថ្នាក់រថយន្តរអិលធ្លាក់ផ្លូវនៅក្បែរតំបន់ចំការដូងប្រេង
ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្ណាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវបណ្ឌិតម៉ុង ឫទ្ធី(កែវផុស) ខេត្តព្រះសីហនុ ដោយរថយន្តដឹកថ្ម ដែលបានកែច្នៃពីដឹកបានត្រឹមតែ៥តោន ទៅជា៣០តោន បានរអិលថយក្រោយ នៅម្តុំចំការដូងប្រេង។
ដោយយោងតាមហ្វេសប៊ុកផេក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេររៀបរាប់ថា៖ “ព្រលឹមថ្ងៃអង្គារ៍ទី១១ ខែមិថុនា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីនៅតាមបណ្ដោយផ្លូវបណ្ឌិតម៉ុង ឫទ្ធី(កែវផុស) ខេត្តព្រះសីហនុ បេីតាមអ្នកបច្ចេកទេសទៅពិនិត្យមេីលឃេីញថារថយន្តនេះកែច្នៃខុសបច្ចេកទេសដោយសារតែកំណេីតដេីមរបស់រថយន្តដឹកបានតែ ៥តោនតែប៉ុណ្ណោះជាក់ស្ដែងរថយន្ដនេះដឹកថ្មរហូតដល់ទៅ ៣០តោនឯណោះ។ ដល់ពេលឡេីងចំណោតមិនរួចក៏រអិលថយក្រោយវិញ សំណាងល្អណាស់ដែលគ្មានរថយន្ដឬម៉ូតូនៅពីខាងក្រោយកុំអីមិនដឹងជាយ៉ាងណាទេ។ ខ្ញុំសុំអោយស្ថាប័នជំនាញដែលពាក់ព័ន្ធមេត្តាជួយពិនិត្យមេីល ករណីរថយន្តកែច្នៃដូចរថយន្តខាងលេីនេះផង”៕



