នាយការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើការបំភ្លឺជុំវិញករណី បុរសម្នាក់បើករថយន្តចូលក្បួនថ្នាក់ដឹកនាំ
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឱ្យដឹងថា ពុំមានការបេីករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។ នៅវេលាម៉ោង៥ព្រឹក ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កងកម្លាំងចរាចរនគរបាលផ្លូវគោក ដែលរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងសម្រួលចរាចរជូនគណប្រតិភូជាតិ អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ បានឃេីញរថយន្តម៉ាកព្រុសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AZ-5242 បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន រេចង្កូតពេញផ្លូវ ទេីបក្រុមអន្តរាគមន៍ចរាចរចល័ត តាមឃាត់រថយន្តនោះដេីម្បីធ្វេីការឃាត់ខ្លួនអ្នកបេីកបរ និងជៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុ។ កម្លាំងនគរបាលបានឃាត់រថយន្តនោះបាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ជិតរោងចក្រមិថុនា ខណ្ឌសែនសុខ។ បន្ទាប់ពីការត្រួតពិនិត្យរួចបានបង្ហាញឱ្យឃេីញថា បុរសម្នាក់នោះពិតជាមានសារជាតិស្រវឹងពិតប្រាកដមែន៕




ប្រភព៖ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ៖ ណារ៉ែន