វេជ្ជបណ្ឌិតព្រមានពីការលាបថ្នាំដុះធ្មេញពេលមានបញ្ហារលាកស្បែក
ជាធម្មតានៅពេលដែលលោកអ្នករលាកភ្លើង ឬរលាកទឹកក្តៅនៅផ្ទះ លោកអ្នកតែងប្រើប្រាស់ថ្នាំដុះធ្មេញលាបនៅលើកន្លែងមានរបួសនោះ ដើម្បីការពារកុំឲ្យវាមានដុំពងបែក។ យ៉ាងណាក្តី ជនរងគ្រោះដោយការរលាកប្រេងក្តៅម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីបានអនុវត្តវិធីខាងនេះ តែបែរជាមានពងបែងយ៉ាងធំនៅលើដៃរបស់គាត់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ ព្រោះវាជាករណីកម្រមួយ។

វេជ្ជបណ្ឌិតបានពន្យល់អំពីបញ្ហានេះថា ការរលាកមាន ៣ កម្រិត គឺកម្រិតស្រាល មធ្យម និងធ្ងន់ធ្ងរ។ ចំពោះករណីស្រាលលោកអ្នកអាចប្រើប្រាស់ឱសថធម្មជាតិ ដែលមាននៅក្នុងផ្ទះស្រាប់មកលាបបានដូចជា ថ្នាំដុសធ្មេញ ជាដើម។ តែក្នុងករណីធ្ងន់ធ្ងរការប្រើប្រាស់ឱសថធម្មជាតិទាំងនេះ អាចនឹងធ្វើឲ្យមានបញ្ហាធ្ងន់ធ្ងរដូចក្នុងករណីខាងលើនេះទៅវិញ ព្រោះស្បែកដែលស្ទើរតែរលួយទៅហើយនោះអាចនឹងមានប្រតិកម្មជាមួយអ្វីដែលលោកអ្នកបានលាបពីលើវា។ វេជ្ជបណ្ឌិតបានណែនាំថា ដើម្បីសុវត្ថិភាពពេលមានបញ្ហារលាកលោកអ្នកគួរធ្វើដូចខាងក្រោមនេះ៖
១. យកជនរងគ្រោះចេញពីកន្លែងកើតហេតុ (ចេញឲ្យឆ្ងាយពីកន្លែងដែលក្តៅនោះ)
២. ដោះគ្រឿងអលង្ការចេញ (ក្នុងករណីដែលមានរបួសនៅកន្លែងពាក់គ្រឿងអលង្ការ)
៣. អោយជនរងគ្រោះស្ថិតនៅក្នុងបន្ទប់មានអាកាសធាតុត្រជាក់ ១៥-២០ នាទី ដើម្បីការពារកុំឲ្យមានពងបែកធ្ងន់ធ្ងរ។
៤. ទុកឲ្យពងបែកកើតឡើងតាមធម្មជាតិទៅ កុំបំបែកវាឲ្យសោះ។
៥. ក្នុងករណីចាំបាច់លោកអ្នកអាចទៅរកវេជ្ជបណ្ឌិត ដែលនៅក្បែរផ្ទះ ដើម្បីរកថ្នាំបន្ថែមផ្សេងៗ៕
អត្ថបទ៖ ភក្តី
