ប្រជាជនកម្ពុជា តែងតែចោទសួរថា ហេតុអ្វីបានជាប្រទេសជប៉ុនរីកចម្រើន? លោកទូតជប៉ុនឆ្លើយតែមួយម៉ាត់យ៉ាងខ្លីថា…
ក្នុងវីដេអូ «៦០វិនាទីពីលោកទូតជប៉ុន» លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា លោកតែងតែត្រូវបានប្រជាជនកម្ពុជា ចោទសួរថា “ហេតុអ្វីបានជាប្រទេសជប៉ុនរីកចម្រើន?”។ ហើយលោកតែងតែឆ្លើយតបទៅកាន់ការចោតសួរនោះទៅ ជាមួយនឹងចម្លើយយ៉ាងខ្លីថា ដោយសារតែ “ធនធានមនុស្ស”។
ជាការពិតណាស់ក្នុងគម្រោងជំនួយឥតសំណងរបស់ជប៉ុនមកកាន់កម្ពុជាតែងតែផ្តោតទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសគម្រោងផ្សេងៗក្នុងវិស័យអប់រំនៅកម្ពុជា។ ជាពិសេសថ្មីៗនេះគម្រោងវិទ្យាស្ថានគរុកោសល្យក្រោមជំនួយឥតសំណងរបស់ជប៉ុន ផ្តល់ការអប់រំរយៈពេល៤ឆ្នាំ តាមស្តង់ដាអន្តរជាតិសម្រាប់សិស្សដែលបញ្ចប់ថ្នាក់វិទ្យាល័យត្រូវឲ្យក្លាយជាគ្រូបង្រៀនបឋម និងអនុវិទ្យាល័យ។
សព្វថ្ងៃនេះអ្នកជំនាញ JICA កំពុងចូលរួមក្នុងការបង្កើតកម្មវិធីសិក្សាសម្រាប់វិទ្យាស្ថានគរុកោសល្យមួយនេះ ស្របពេលវិទ្យាស្ថានគរុកោសល្យក្រោមជំនួយឥតសំណងរបស់ជប៉ុនមួយនេះកំពុងតែធ្វើការសាងសង់។ លោកទូតជប៉ុនក៏សង្ឃឹមថាកម្ពុជានឹងសម្រេចបាននូវការអភិវឌ្ឍបន្ថែមទៀតតាមរយៈធនធានមនុស្សកម្ពុជា៕



ដោយ៖ ណារ៉ែន