រសជាតិយ៉ាងណាទៅ! ហាងមួយនៅជប៉ុន មានស្រាបៀរលាយជាមួយនឹងគុជ
ជប៉ុន៖ ហាងកាហ្វេស្រាបៀរមួយឈ្មោះ iBEER LE SUN PALM កំពុងផ្តល់ជូននូវវិធីយ៉ាងប្លែកភ្នែក សម្រាប់ប្រជាជនជប៉ុនក្នុងការរក្សាភាពត្រជាក់នារដូវក្តៅនេះ ជាមួយនឹងស្រាបៀរដ៏ពិសេសម៉្យាង។ ដោយការផ្តល់ជូននោះគឺ ស្រាបៀរដែលមានដាក់គុជនៅខាងក្នុង ឈ្មោះពេញថា ( Tapioca the Next, Tapioca Beer ) ដែលវាជាការរួមបញ្ចូលគ្នានូវគ្រាប់គុជផ្សំពីដំឡូងឈើ (ម្សៅក្ដួច) ជាមួយស្រាបៀរ ដែលមានមូលដ្ឋានដូចជាតែគុជ ដែលការបញ្ចូលគ្នានេះនឹងផ្តល់ជូននូវរសជាតិថ្មីប្លែកដល់អតិថិជន។
ស្រាបៀរដាក់គុជ (Tapioca Beer) នេះក៏ជាការយកគំនិតបំផុសចេញពី panaché cocktail ផងដែរ។ Tapioca Beer មានរសជាតិដូចជា៖ ស្ដ្របូរី ម្នាស់ និងគីវី ដែលផ្ដល់ឱ្យអតិថិជនដែលចូលចិត្តស្រាបៀរ និងតែគុជ នូវបទពិសោធន៍យ៉ាងថ្មីសន្លាង។ ហាង iBEER LE SUN PALM ក៏មានការផ្តល់ជូននូវរសជាតិបែបនេះ ទៅលើភេសជ្ជៈមិនមែនគ្រឿងស្រវឹង និងទឹកដោះគោ ជូនដល់អតិថិជនផងដែរ។ ស្រាបៀរដាក់គុជធម្មតាមានតម្លៃ ៥៧០យេន (៥.៣៥ដុល្លារអាមេរិក + ពន្ធ) ក្នុងមួយកែវ ខណៈប្រភេទដាក់ទឹកសីរ៉ូរសជាតិផ្លែឈើមានតម្លៃ ៦៣០យេន ឬ ៥.៨០ដុល្លារ៕






អត្ថបទ៖ លីដា