ឃាត់ខ្លួនជនជាតិចិន បើកភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណែត ចំនួន០២កន្លែងនៅកណ្តាលក្រុងសៀមរាប
ទីតាំងភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណែត ចំនួន០២កន្លែងនៅកណ្តាលក្រុងសៀមរាប ត្រូវបានកម្លាំងស្នងការរដ្ឋាននគរបាលខេត្តសៀមរាបបង្ក្រាប កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដោយបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនឹងករណីនេះចំនួន១៤នាក់ ស្រី០១។
តាមការអោយដឹងពីមន្ត្រីនគរបាលជំនាញបានអោយដឹងថា ទីតាំងបើកភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណែត នៅក្នុងទីតាំងប៊ូទិច THE ONE GARDENING ស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនចំនួន ៧នាក់ (ប្រុស) ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង រួមទាំងវត្ថុតាំងមួយចំនួន រួមមាន កំព្យួទ័រយួរដែចំនួន០៨គ្រឿង ទូរស័ព្ទដៃចំនួន១៥គ្រឿង និងសម្ភារៈមួយចំនួនទៀត និងបញ្ជូនមកសាកសួរនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប។
ក្រោយពីបានសាកសួរជនជាតិចិន៧នាក់រួចមក សមត្ថកិច្ចបានបន្តចុះចាប់នៅចំណុចខុនដូរ ក្នុងបុរីភើហ្វិក ស្ថិតនៅភូមិគ្រោះ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នឹងនាំខ្លួនជនសង្ស័យបាន ៧នាក់ទៀត (ចិន០៦ និងខ្មែរ១នាក់) សរុប១៤នាក់ ស្រី០១នាក់។ បច្ចប្បន្នជនសង្ស័យទាំង១៤នាក់ ត្រូវបានលោកព្រះរាជអាជ្ញាសម្រេចអោយឃាត់ខ្លួនបណ្តេះអាសន្ន នៅស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕



ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ដោយ៖ ណារ៉ែន