អន្តរជាតិ
រកឃើញពងក្រពើត្រីចំនួន៤៨ពង ដែលជាប្រភេទសត្វកំពុងជិតផុតពូជ នៅតាមដងព្រែកស្រែអំបិល
BY Khmernote Media
June 17, 2019
ក្រុមអភិរក្សនៃរដ្ឋបាលជលផល អង្គការ WCS និងក្រុមការពារសំបុកក្នុងមូលដ្ឋាន បានរកឃើញសំបុកពងក្រពើត្រីចំនួន ២សំបុក មាន ៤៨ពង នៅត្រពាំងចំនួនពីរ តាមប្រព័ន្ធដងព្រែកស្រែអំបិល ក្នុងខេត្តកោះកុង កាលពីដើមសប្តាហ៍នេះ។ សត្វក្រពើត្រី ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Crocodylus siamensis ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារចំនួនរបស់វានៅទូទាំងពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំង។
ប្រភេទក្រពើត្រីនេះ មានរស់នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងទំនងជាអាចមាននៅក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ីដែរ។ តាមការប៉ាន់ស្មាន នៅកម្ពុជា មានក្រពើត្រីនេះក្នុងវ័យជំទង់ប្រហែលចន្លោះពី ១០០ ទៅ ៣០០ក្បាល ដែលបង្ហាញថាកម្ពុជាគឺជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ប្រភេទសត្វក្រពើត្រីនេះ។




ប្រភព៖ WCS
ដោយ៖ ណារ៉ែន