គន្លឹះថែរក្សាសម្រស់បែបងាយៗ ប៉ុន្តែមានប្រយោជន៍បំផុត ដែលនារីៗមិនគួរមើលរំលង
- March 20, 2018
នារីសឹងតែគ្រប់រូបគ្មាននរណាម្នាក់ដែលមិនចង់ទទួលបានរូបសម្រស់ស្រស់ស្អាត និងរូបរាងគួរឲ្យទាក់ទាញឡើយ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានរូបសម្រស់គួរឲ្យចង់គយគន់ មិនមែនមានន័យថាអ្នកមិនចាំបាច់ត្រូវតែខ្ជះខ្ជាយប្រាក់ទៅលើផលិតផលថែរក្សាសម្រស់ផ្សេងៗនោះទេ។ រូបមន្ត ឬគន្លឹះងាយៗតាមបែបធម្មជាតិដ៏មានប្រសិទ្ធភាពខ្ពស់មួយចំនួនខាងក្រោមនឹងជួយអ្នកឲ្យទទួលបានរូបសម្រស់ស្រស់ស្អាតដូចក្ដីប្រាថ្នាក្នុងរយៈពេលខ្លីបំផុតមួយ ៖
១. អំបិល ៖ ទឹកអំបិលមិនត្រឹមតែជួយកាត់បន្ថយការហើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភាពស្រស់ស្រាយដល់មុខរបស់អ្នកថែមទៀតផង។ អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងត្រូវរំលាយអំបិលចូលក្នុងទឹកធម្មតាឲ្យឡើងខាប់ៗ បន្ទាប់មកជ្រលក់ក្រណាត់ស្អាត ឬកូនកន្លែងចូលក្នុងទឹកអំបិលនេះ រួចយកវាមកលាបលើមុខរបស់អ្នកសម្រាប់រយៈពេល ១០ នាទី សឹមលាងចេញជាមួយទឹកស្អាតធម្មតា។

២. គន្លឺះដែលធ្វើឲ្យបបូរមាត់មើលទៅពេញបែបសិចស៊ីគួរឲ្យទាក់ទាញ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបបបូរមាត់របស់អ្នកជាមួយនឹងប្រេងដែលប្រើប្រាស់សម្រាប់ថែរក្សាសម្រស់ណាមួយដូចជាប្រេងអាល់មុន ប្រេងផ្លែប៉ែស ឬប្រេងធម្មតាសម្រាប់លាបបបូរមាត់ក៏បាន។ បន្ទាប់មកយកច្រាស់ដុសធ្មេញដែលមានសសៃច្រាសទន់មួយមកដុសលើបបូរមាត់របស់ថ្នមៗសម្រាប់រយៈពេល ១ នាទី។

៣. ប្រើប្រាស់ប្រេងអូលីវ ដើម្បីទទួលបាននូវស្បែកដែលមានសំណើមទន់រលោងស្អាត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងត្រូវស្ទីមមុខបន្តិចសិន បន្ទាប់មកសឹមយកប្រេងអូលីវមកម៉ាស្សាលើផ្ទៃមុខសម្រាប់រយៈពេលប្រហែលជា ៧ នាទី។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តន៍ឲ្យបាន ៤ ទៅ ៥ ថ្ងៃ ម្ដង។

៤. ទឹកឃ្មុំ ៖ ជួយកម្ចាត់មុន និងកាត់បន្ថយការរោលរលាកលើផ្ទៃមុខ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកឃ្មុំចំនួនសមល្មមទៅលើមុន រួចទុកចោលសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។ វិធីនេះជួយកាត់បន្ថយទំហំនៃមុនបានលឿនបំផុត។

៥. ថ្នាំបន្តក់ភ្នែក ៖ ជួយបំបាត់មុន និងកាត់បន្ថយការរោលរលាកលើផ្ទៃមុខ។ អ្វីដែលអ្នកត្រូវធ្វើ គឺជ្រលក់សំឡីចូលក្នុងថ្នាំបន្តក់ភ្នែក ហើយយកវាទៅដាក់ចោលក្នុងទូរទឹកកកសម្រាប់រយៈពេលពី ៣ ទៅ ៥ នាទី។ បន្ទាប់មកយកសំឡីនេះមកសង្កត់ថ្នមៗ លើតំបន់ដែលទទួលរងផលប៉ះពាល់ ហើយខណៈនោះមុននឹងប្រែជាមើលលែងសូវឃើញជាក់ជាមិនខាន។

៦. ម្ស៉ៅ Baking Soda ៖ Baking Soda មានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ចោលនូវរោមដែលដុះកប់ក្នុងសាច់។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយបញ្ចូលគ្នានូវម្ស៉ៅ Baking soda ចំនួន ១ ស្លាបព្រាកាហ្វេ ម្ស៉ៅធញ្ញជាតិ ១ ស្លាបព្រាកាហ្វេ និងទឹកធម្មតា ១ ស្លាបព្រាបាយ។ កូររហូតទាល់តែវាឡើងខាប់។ លាបល្បាយទៅលើស្បែកដែលដុះរោមកប់ រួចរងចាំឲ្យគ្រប់ ៥ នាទី សិនសឹម
លាងសម្អាតចេញជាមួយនឹងទឹកក្ដៅ។

៧. ដើម្បីកាត់បន្ថយស្នាមខ្មៅ និងថ្នក់ខ្មៅក្រោមភ្នែក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅ Baking soda ចំនួន ១ ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្ដៅ ឬតែក្ដៅ ១ កែវ រួចកូរឲ្យសព្វ។ ជ្រលក់សំឡីចូលក្នុងល្បាយ ហើយលាបវាលើតំបន់ក្រោមភ្នែក។ ទុកចោលសម្រាប់រយៈពេលប្រមាណពី ១០ ទៅ ១៥ នាទី សិនសឹមលាងចេញជាមួយនឹងទឹកធម្មតា ហើយលាបគ្រីមផ្ដល់សំណើមពីលើ។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងឆាប់រហ័ស ចូរអនុត្តន៍រូបមន្តនេះឲ្យបានជារៀងរាល់ថ្ងៃ។

៨. ដើម្បីទទួលបានសក់ភ្លឺរលោងមានសុខភាពល្អ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយបញ្ចូលគ្នារវាង ចេកទុំ ១ ផ្លែ ស៊ុត ១ គ្រាប់ ទឹកឃ្មុំ ១ ស្លាបព្រាបាយ និងស្រាបៀរទឹកខ្មៅចំនួន កន្លះកែវ។ កូររហូតដល់ចូលគ្នាសព្វ សឹមយកល្បាយទៅលាបលើសក់។ បន្ទាប់មកទុកចោលឲ្យបានរយៈពេល ២ ទៅ ៣ ម៉ោង សិនសឹមលាងសម្អាតចេញ ដោយប្រើទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍តាមគន្លឹះនេះម្ដងក្នុងមួយសប្តាហ៍។

៩. ដើម្បីទទួលបានរោមភ្នែកវែងងរស្អាត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយបញ្ចូលគ្នារវាង ប្រេងដូង កន្លះ ស្លាបព្រាកាហ្វេ ជាមួយប្រេងឡាវ៉េនដឺពី ២ ទៅ ៤ ដំណក់។ ប្រើប្រាស់សំឡីផ្ដិតចូលទឹកល្បាយ ហើយយកមកលាបលើរោមភ្នែក។ អនុវត្តន៍តាមរូបមន្តនេះឲ្យបានយ៉ាងហោចណាស់ ៣ ដង ក្នុងមួយសប្តាហ៍ ហើយរោមភ្នែករបស់អ្នកនឹងប្រែជាកាន់តែក្រាស់ងរភ្លឺរលោងគួរឲ្យទាក់ទាញតែម្ដង៕

ប្រភព ៖ Brightside
- Share This Post:






