គិតត្រឹមថ្ងៃទី១៨ មិថុនា អ្នកបើកកង់៣នៅភ្នំពេញជាង៨ពាន់នាក់បានទៅរៀនច្បាប់ចរាចរណ៍ ហើយប្រឡងជាប់បានប័ណ្ណបើកបរជាង២ពាន់នាក់
វគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃ សម្រាប់បងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរ៉ឺម៉កសណ្តោង ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ ត្រូវបានធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ មកទល់ពេលនេះមានបេក្ខជនដែលប្រឡងជាប់បានប័ណ្ណបើកបរចំនួន២៧៩៣នាក់។ នេះបើយោងតាមការបញ្ចាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ៖ “គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ បងប្អូនជាអ្នកបើកបរត្រីចក្រយានយន្ត បានមករៀនវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក ដោយឥតគិតថ្លៃនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចំនួន១៥វគ្គ ស្មើនឹង ៨៤៨៧នាក់ និងបានប្រឡងជាប់ដោយទទួលប័ណ្ណបើកបរបានចំនួន ២៧៩៣នាក់”។
គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃនេះ ប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍ និងត្រូវបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ។ វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះ នឹងប្រព្រឹត្តិទៅចំនួន ២ទីតាំង ដូចខាងក្រោមៈ
១-នៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។
២-នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅផ្លូវជាតិលេខ ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ៕

ដោយ៖ ណារ៉ែន




