សូមប្រុងប្រយ័ត្ន នារីវ័យក្មេងម្នាក់កំពុងផ្លាស់ខោអាវក្នុងហាងលក់សំលៀកបំពាក់មួយកន្លែង ស្រាប់តែប្រទះឃើញមានបង្កប់កាមេរ៉ានៅក្នុងនោះ
ចិន៖ ប៉ូលិសចិនកំពុងតែបើកការស៊ើបអង្កេតជាបន្ទាន់មួយជុំវិញករណី ក្រោយមានជនខិលខូចលួចបង្កប់កាមេរ៉ាថតសកម្មភាពមនុស្សស្រីផ្លាស់ប្តូរខោអាវនៅក្នុងហាងលក់សំលៀកបំពាក់មួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងហាងលក់សំលៀកបំពាក់ Uniqlo ដែលស្ថិតនៅក្នុងខេត្ត Shenzhen ភាគខាងត្បូងប្រទេសចិន។ ស្រ្តីដែលជាអ្នករាយការណ៍ករណីនេះជូនប៉ូលិសមានឈ្មោះថា Zhong ហើយនាងបានអះអាង នាងបានរកឃើញកាមេរ៉ាមួយក្រោយពេលនាងផ្លាស់ប្តូរសំលៀកបំពាក់រួច។
ស្ត្រីជាជនរងគ្រោះបារម្ភថា សកម្មភាពនាងផ្លាស់ប្តូរសំលៀកបំពាក់ត្រូវបានគេមើលឃើញរួចហើយ មុនពេលនាងអាចបិទកាមេរ៉ានោះ។ យ៉ាងណាក្តី ពេលប៉ូលិសចុះទៅដល់កន្លែងកើតហេតុ ភាគីខាងម្ចាស់ហាងបានបញ្ជាក់ថា ហាងរបស់គាត់មិនបានបង្កប់កាមេរ៉ានេះទេ ហើយវាអាចជាស្នាដៃរបស់អតិថិជនណាម្នាក់បានមកប្រើប្រាស់បន្ទប់នេះមុនពេលស្រ្តីជនរងគ្រោះមកដល់។ រហូតមកទល់នឹងនេះ ករណីនេះគឺនៅស្ថិតនៅក្រោមការស៊ើងអង្គេតរបស់ប៉ូលិស ហើយជនដែលធ្វើរឿងនេះត្រូវប្រឈមនឹងការជាប់គុកផងដែរ៕


