នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បង្ហាញរបាយការណ៍ថា រយៈពេល៥ខែនៃដើមឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន សរុបជាង៣ពាន់ករណី
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន បានដឹកនាំកិច្ចប្រជុំដកពិសោធន៍ និងពង្រឹងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមក្លឹបកំសាន្ត និងកន្លែងសប្បាយដ្ឋាន ដែលមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
គួរជម្រាបថា គេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅបណ្ដាក្លឹបកម្សាន្ដ និងខារ៉ាអូខេធំជាបន្ដបន្ទាប់ ទាំងនៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ហើយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតគ្រឿងញៀនជាច្រើន ព្រមទាំងឃាត់ខ្លួនអ្នកពាក់ព័ន្ធជាបន្ដបន្ទាប់ផងដែរ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ក្នុងរបាយការណ៍ថា រយៈពេល០៥ខែ ដើមឆ្នាំ២០១៩នេះ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន៣,៣៣៥ករណី ឃាត់ខ្លួន៧,០៩៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៣១០.៩៨ គីឡូក្រាម កញ្ញាស្រស់៤៧.១០៣ដើម រួមនឹងមធ្យោបាយសម្ភារវត្ថុតាងមួយចំនួនទៀត។
ដោយឡែក លទ្ធផលបង្ក្រាបតាមគោលដៅក្លឹបកំសាន្ត និងទីតាំងសប្បាយដ្ឋាន ផ្អែកតាមរបាយការណ៍ដែលទទួលបានពីលេខាធិការដ្ឋាន នៃគណៈបញ្ជាការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ រាជធានី ខេត្ត បានឲ្យដឹងថា ក្នុងចំណោមគោលដៅអាជីវកម្ម ក្លឹបកំសាន្ត ទីតាំងសប្បាយដ្ឋាន ចំនួន៧,១១៣ទីតាំង ត្រូវបានសមត្ថកិច្ចចុះផ្សព្វផ្សាយអប់រំ ធ្វើកិច្ចសន្យា ដើម្បីស្នើសុំកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ៣,៧៤១កន្លែង ស្មើនឹង៥២% ៕


ប្រភព៖ អគ្គស្នងការនគរបាលជាតិ