ថៃ យកចំបើងមកច្នៃធ្វើជារូបចម្លាក់សត្វប្លែកៗ ទីបំផុតក៏ក្លាយជាកន្លែងដែលអាចទាក់ទាញមហាជនជាច្រើនមកលេងថតរូបកម្សាន្ត
ដូចដែលយើងបានដឹងស្រាប់ហើយថា ប្រទេសថៃគឺជាប្រទេសដែលមានតំបន់ទេសចរណ៍ជាច្រើន ជាពិសេសគឺសម្បូរទៅដោយគំនិតកែច្នៃថ្មីៗប្លែកៗ។ រៀងរាល់មានពិធីបុណ្យធំៗ ឬការឈប់សម្រាករយៈពេលយូរ បងប្អូនមិនតិចនាក់នោះទេដែលធ្វើដំណើរទៅលេងកម្សាន្ត។ ពេលនេះកន្លែងកម្សាន្តថ្មីនៅឯប្រទេសថៃបានច្នៃឡើងហើយ ពិសេសសម្រាប់អ្នកចូលចិត្ត និងចង់សាករសជាតិម្ហូបបែបស្រុកស្រែ ការយលដឹងពីវប្បធម៌ក្រុមជនជាតិភាគតិច ជាមួយកន្លែងថតរូបស្អាតៗ។
តំបន់ទេសចរណ៍ថ្មីនេះមានឈ្មោះថា ខួតេកឃុនយ៉ង ដែលមានទីតាំងនៅភូមិ បុកកាង ស្រុក សានកាំផែង ខេត្តឈៀងម៉ៃ ប្រទេសថៃ។ លក្ខណៈពិសេសនៃតំបន់ទេសចរណ៍ថ្មីនេះគឺការច្នៃស្ពានឬស្សីពីលើវាលស្រែខៀវស្រងាត់ ប្រវែង២៧០ម៉ែត្រ ជាមួយការប្រមូលកាកសំណល់ចំបើងចាស់ៗមកធ្វើជារូបចម្លាក់ស្រស់ស្អាតប្លែកភ្នែក បង្កើតបានជាកន្លែងមួយដ៏ទាក់ទាញ។ តំបន់ទេសចរណ៍មួយនេះគឺបើកឲ្យចូលទស្សនាដោយសេរី ជាពិសេសរដូវធ្លាក់ភ្លៀងបែបនេះទេសភាពគឺដឹងតែស្អាតតែម្តង ព្រោះថាអ្នកនឹងឃើញវាលស្រែខៀវខ្ចីនៅខាងក្រោមស្ពានឬស្សីដែលអ្នកឆ្លងកាត់៕












