ពីមុនជាក្មេងរើសសម្រាមត្រូវគេមើលងាយមិនចង់រាប់អាន ខំតស៊ូរហូតក្លាយជានិស្សិតអាហារូបករណ៍នៅសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី
- July 1, 2019
មនុស្សមិនអាចរើសកំណើតកើតបានឡើយ! នរណាមិនចង់កើតមកក្នុងគ្រួសារមានទ្រព្យសម្បត្តិស្តុកស្តម្ភគេងកើយគំនរប្រាក់នោះ។ នារីវ័យក្មេងម្នាក់ដែលជានិស្សិតទទួលបានអាហារូបករណ៍សិក្សាពីសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី រ៉ុន សុភី ដែលជាអតីតក្មេងរើសសំរាម រស់នៅលើគំនរសំរាមបានរៀបរាប់ប្រាប់ទាំងទឹកភ្នែកពីជីវិតគ្រួសាររបស់នាងឲ្យមហាជនបានដឹង។
រ៉ុន សុភី ជាយុវតីវ័យក្មេងមួយរូបដែលមានជីវប្រវត្តិតស៊ូ ដោយនាងបានកើតនៅក្នុងគ្រួសារក្រីក្រមួយនៅឯខេត្តស្វាយរៀង ដោយឪពុកម្តាយប្រកបរបរបិទស្រា និងចិញ្ចឹមជ្រូក។ ក្រោយពេលឪពុកធ្លាក់ខ្លួនឈឺ ក្រុមគ្រួសារនាងបានលក់ផ្ទះដើម្បីព្យាបាលជម្ងឺ រួចក៏នាំគ្នាចំណាកស្រុកមករស់នៅខេត្តកំពង់ចាម។ មកដល់ខេត្តកំពង់ចាមក្រុមគ្រួសាររបស់កញ្ញា រ៉ុន សុភី បានប្រកបរបស់ជាកម្មករជាជ័រកៅស៊ូឲ្យគេ ដោយមួយខែទទួលចំណូលបានត្រឹម១០ម៉ឺនរៀលប៉ុណ្ណោះ។ ក្រោយមកទៀតក្រុមគ្រួសារនាងបានចំណាកស្រុកម្តងទៀតមករស់នៅទីក្រុងភ្នំពេញដោយឪពុកនាង ប្រកបរបរធ្វើការសំណង់ កម្មករបាលូ និងរត់ស៊ីក្លូ ចំណែកឯអ្នកម្តាយលក់ពោតស្ងោរ។ ដោយមានជម្ងឺជាប់ខ្លួន និងរបររកស៊ីមិនទទួលជោគជ័យក្រុមគ្រួសាររបស់ សុភី បាននាំគ្នាមកនៅលើគំនរសំរាមស្ទឹងមានជ័យ។
ជារៀងរាល់ថ្ងៃនាង និងក្រុមគ្រួសារតែងដើររើសអេតចាយពីគំនរសំរាមដើម្បីចិញ្ចឹមក្រពះ និងញ៉ាំចំណីអាហារដែលសេសសល់នៅលើគំនរសំរាម។ អស់រយៈពេល៤ឆ្នាំដែលក្រុមគ្រួសារនាងនៅទីនោះរហូតបានជួបលោក Scott Neeson គឺជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) បានជួយសង្គ្រោះនាងដោយទំនុកបំរុងឲ្យរៀនសូត្រ រហូតដល់ទទួលបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេស៕
អត្ថបទ៖ មេសា
វីដេអូ៖ MJQTV
- Share This Post:













