សង្គម

ឯកឧត្តម ស៊ុន ចាន់ថុល ជិះកង់ចុះពិនិត្យផ្ទាល់មើលពីគុណភាពផ្លូវនៅតាមខេត្ត

BY
Khmernote Media
July 6, 2019

ថ្ងៃសៅរិ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជិះកង់ចុះពិនិត្យមើលគុណភាពស្ថានភាពសាងសង់ផ្លូវជាតិលេខ២១ ចាប់ពីពហុកីឡដ្ឋានស្រុកកោះធំ រហូតដល់ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីរាជការ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋផងដែរ។

ក្នុងដំណើរជិះកង់ចុះត្រួតពិនិត្យគុណភាពស្ថានភាពសាងសង់ផ្លូវជាតិលេខ២១ ក្រសួងបានរកឃើញថា៖ ផ្នែកខ្លះនៃកំណាត់ផ្លូវនេះសាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស ដោយត្រង់ចំណុចដែលបានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ជាច្រើនកន្លែង និងបានកំពុងទទួលរងការខូចខាតបណ្តើរៗ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក្រសួងសាធារណការ និងដឹកជញ្ជូនលែងទទួលយកផ្លូវធ្វើជាប់រហូតទៀតហើយ តែទទួលយកផ្លូវរឹងមាំ និងមានគុណភាពខ្ពស់តាមស្តង់ដាអន្តរជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ពីគោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាគុណភាពផ្លូវប្រើប្រាស់ជាប់បានយូរអង្វែង។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសរបស់ក្រសួងត្រូវតែធ្វើការដោយផ្ដោតលើគុណភាពជាចម្បង ពោលគឺត្រូវតាមដានគុណភាពសាងសង់តាំងពីចាប់ផ្ដើមបើកការដ្ឋានសាងសង់ រហូតដល់ការប្រគល់ទទួល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យមន្ត្រីក្រោមឱវាទទាំងអស់ និងក្រុមការងារបច្ចេកទេសសាងសង់ផ្លូវពិនិត្យឡើងវិញនូវវិធានការ និងនីតិវិធីសាងសង់ឱ្យបានម៉ត់ចត់ ជាពិសេសគម្រោងសាងសង់ផ្លូវកំពុងអនុវត្តនានា ធ្វើយ៉ាងណាឱ្យគុណភាពផ្លូវមានភាពរឹងមាំ ប្រើប្រាស់ ជាប់បានយូរ ស្របតាមស្តង់ដាដែលអាចទទួលយកបាន។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកគោលការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូន សូមចូលរួមគោរពច្បាប់ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ កុំដឹកទំនិញលើទម្ងន់កម្រិតកំណត់ និងត្រូវមានបណ្ណបើកបរតាមប្រភេទយានយន្ត សម្រាប់អ្នកបើកបរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីក្រសួងទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ ទាញយកកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ដើម្បីប្រើប្រាស់ក្នុងការរាយការណ៍ផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូច និងបានណែនាំឱ្យប្រធានមន្ទីរទាំង២៥រាជធានី-ខេត្តទាំងអស់ ទទួលខុសត្រូវចំពោះបណ្តាញផ្លូវថ្នល់ដែលឋិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មិនថាផ្លូវនោះជាផ្លូវរបស់ក្រុមហ៊ុន ឬស្ថាប័ន ណាជាអ្នកសាងសង់ទេ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Share This Post: