ប្រុងប្រយ័ត្ន! បុរសម្នាក់ប៊ិះនឹងមានគ្រោះថ្នាក់ដោយសារជាប់ជើងនឹងជណ្តើរយន្ត ជាសំណាងល្អរូបគេដោះស្បែកជើងរត់ចេញទាន់ពេល
- August 28, 2019
ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ តាមរយៈគណនីឈ្មោះថា Jump Dhanapat ដែលបានបង្ហោះរៀបរាប់ពីហេតុការណ៍នៅពេលដែលស្បែកជើងខ្លួនបានជាប់នឹងជណ្តើរយន្តនៅឯព្រលានយន្តហោះដូនមួង ប្រទេសថៃ តែជាសំណាងល្អខ្លួនបានដោះស្បែកជើងទាន់ពេលទើបពុំមានគ្រោះថ្នាក់។ ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ដោយបុរសរូបនេះទើបចុះពីជើងយន្តហោះត្រលប់មកពីអូសាកា ប្រទេសជប៉ុន ចូលមកប្រទេសថៃ នៅវេលាម៉ោងប្រមាណជា៣ទាបភ្លឺ។
ម្ចាស់គណនីខាងលើបាននិយាយថា «ខ្លួនពុំបានចាំថាជណ្តើរយន្តនេះនៅច្រកមួយណានោះឡើយ គ្រាន់តែដឹងថាពេលនោះរូបគេជាមួយបងស្រីគឺប្រើប្រាស់ជណ្តើរយន្តជារឿយៗដូចធម្មតា ស្រាប់តែពេលដែលមកដល់ចំណុចកើតហេតុគឺរូបគេពុំអាចកម្រើកជើងបានឡើយ ដោយមានអារម្មណ៍ថាជើងរបស់គេហាក់ត្រូវចាប់ជាប់នឹងអ្វីម្យ៉ាង ដែលធ្វើឲ្យផ្អើលមនុស្សម្នាចាប់ផ្តើមចោមរោមមើល។ ឃើញហេតុការណ៍បែបនេះបងស្រីខ្ញុំក៏ប្រញ៉ាប់រត់ទៅប្រាប់សន្តិសុខការពារដើម្បីឲ្យបិទជណ្តើរយន្តមួយនេះ។ ចំណែកឯខ្ញុំក៏បានសម្រេចចិត្តដោះស្បែកជើងនោះចោល ហើយរត់ចេញពីជណ្តើរយន្ត។
ក្រោយមកខាងក្រុមសន្តិសុខរបស់ព្រលានយន្តហោះ ដូនមួង បានមកធ្វើអន្តរាគមន៍ ហើយពួកគេបានឲ្យខ្ញុំសរសេររៀបរាប់ហេតុការណ៍ដែលកើតឡើងនៅលើក្រដាសផ្តល់មតិ ហើយក្រុមដែលបម្រើការងារនៅទីនោះបានអះអាងថាក្រុមព្រលានយន្តហោះនឹងទទួលការខុសត្រូវលើរឿងនេះ។ ដោយពេលនោះម៉ោងជិត៤ភ្លឺទៅហើយ ខ្ញុំក៏រាងអស់កម្លាំងខ្ញុំសម្រេចចិត្តចាកចេញពីព្រលានយន្តហោះ ដោយគ្រាន់តែទុកនាមប័ណ្ណខ្ញុំនៅទីនោះដើម្បីឲ្យពួកគេទំនាក់ទំនងមក។ លុះថ្ងៃទី៦ ខែសីហា ខ្ញុំក៏ទទួលបាន SMS សរសេរសុំអភ័យទោសពីខាងអាកាសយានដ្ឋាន។ លុះដល់ថ្ងៃទី២៧ ខែកក្កដា ខ្ញុំក៏ទទួលបានការសុំទោសជាថ្មីម្តងទៀត ហើយរឿងគ្រប់យ៉ាងក៏បានចាត់ចែងរួចសព្វគ្រប់។ សារដែលបង្ហោះនេះគឺគ្រាន់តែចង់ក្រើនរំលឹកដាស់តឿនឲ្យបងប្អូនទាំងអស់គ្នាបន្ថែមការប្រុងប្រយ័ត្នតែប៉ុណ្ណោះ»៕
- Share This Post:












