សង្គម

តាមពិតមូលហេតុអញ្ចឹងសោះ បានជាគេចូលចិត្តផ្លោះអក្សរស្លាកលេខរថយន្ត!

BY
Khmernote Media
March 31, 2018

នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញម្ចាស់យានយន្តនៅតាមដងផ្លូវភាគច្រើននិយមចូលចិត្តផ្លោះអក្សរឡើងទៅអក្សរខ្ពស់ ពេលដែលពួកគាត់ធ្វើស្លាកលេខ ហើយបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា ការផ្លោះអក្សរនៅលើស្លាកលេខនេះតម្លៃទាបបំផុតមួយអក្សរ ៤០០,០០០រៀល និងអាចខ្ពស់បំផុតដល់ជាង ១,០០០,០០០រៀលក្នុងមួយអក្សរ អាស្រ័យទៅតាមលេខស្អាត ឬលេខធម្មតា។ ហេតុអ្វីបានជាគេនិយមផ្លោះអក្សរ? ខាងក្រោមនេះគឺជាកិច្ចសំភាសន៍ក្រុមការងារខ្មែរណូតជាមួយនឹងម្ចាស់យានយន្ត ដែលបានធ្វើស្លាកលេខផ្លោះអក្សរ ដើម្បីដឹងថា ហេតុអ្វីបានជាពួកគាត់ធ្វើការផ្លោះអក្សរ?

លោក សុវណ្ណ ជាបុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនឯកជនមួយបានឲ្យដឹងថា បច្ចុប្បន្នលោកជិះរថយន្តម៉ាក Prius ពាក់ស្លាកលេខ 2AP ហើយជំនាន់លោកធ្វើស្លាកលេខ អក្សរនៅត្រឹម 2AM ប៉ុណ្ណោះ។ មូលហេតុដែលលោកសម្រេចចិត្តផ្លោះអក្សរ ដោយសារតែកាលនោះលោកស្រលាញ់លេខឡាន ដូចអ្នកផ្ទះរបស់គាត់ ហើយចង់បានលេខដូចគ្នា ប៉ុន្តែលេខនោះត្រូវបានគេទិញបាត់ ដូច្នេះទើបលោកសម្រេចចិត្តផ្លោះ២អក្សរទើបបានលេខ ដែលលោកចង់បាន។

ចំណែកឯលោក គីមហុង ជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈសំណង់មួយបានឲ្យដឹងថា សព្វថ្ងៃលោកប្រើរថយន្តម៉ាក Ford ហើយកាលជំនាន់លោកធ្វើស្លាកលេខនៅត្រឹមអក្សរ 2AP ប៉ុណ្ណោះ ប៉ុន្តែលោកបានផ្លោះអក្សររហូតដល់ 2AV ដោយសារតែស្រលាញ់លេខ ព្រោះតាំងពីអក្សរ 2AP រហូតដល់ 2AU លេខដែលគាត់ចង់បានត្រូវគេទិញយកអស់ ដូច្នេះលោកមានតែផ្លោះអក្សរ ដើម្បីយកលេខដែលលោកស្រលាញ់ ដោយត្រូវអស់ចំណាយជាង ៤,០០០,០០០រៀល។

ចំណែកឯលោក ចាន់ថៃ ជាម្ចាស់ក្រុមហ៊ុនឯកជនមួយបានឲ្យដឹងថា រាល់ថ្ងៃលោកប្រើរថយន្តម៉ាក Lexus ពាក់ស្លាកលេខ 2AT ហើយមូលហេតុដែលលោកធ្វើស្លាកលេខផ្លោះអក្សរ ដោយសារតែចង់ឲ្យរថយន្តរបស់គាត់បានអក្សរខ្ពស់ ទោះលោកជិះរថយន្តនោះ១ឬ២ឆ្នាំ អក្សរអាចចេញតាមលំដាប់មកត្រឹមអក្សររថយន្តរបស់លោក ឬអាចលើស-ខ្វះ១-២អក្សរតែប៉ុណ្ណោះ។ លោកបានបន្ថែមទៀតថា ម៉្យាងទៀតការផ្លោះអក្សរផ្តល់ភាពងាយស្រួលក្នុងការលក់ផងដែរ ព្រោះពេលលក់វិញ អ្នកទិញ ឬពួកគួកជេ ក្រៅពីមើលទឹកថ្នាំ និងម៉ាស៊ីន ស្លាកលេខអក្សរខ្ពស់ក៏ជាផ្នែកមួយ ដែលធ្វើឲ្យរថយន្តលក់បានថ្លៃផងដែរ និយាយរួមអក្សរខ្ពស់លក់បានថ្លៃជាងអក្សរទាប៕

អត្ថបទ៖ សេម

Share This Post: