អ្នកដឹកជញ្ជូនអីវ៉ាន់ម្នាក់ ជួយសង្គ្រោះជីវិតក្មេងប្រុសដែលកំពុងត្រដរខ្យល់ស្របពេលចរាចរណ៍កកស្ទះពិបាកធ្វើដំណើរទៅមន្ទីរពេទ្យ
- September 4, 2019
កាលពីថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីអ្នកដឹកទំនិញ Grab Food មានទឹកចិត្តល្អបានក្លាយជាវីរៈបុរសជួយក្មេងប្រុសដែលវិះតែបាត់បង់ជីវិត បើសិនពុំបានជួបគ្រូពេទ្យទាន់ពេល។ យោងតាមរយៈប្រភពគណនីហ្វេសប៊ុករបស់អ្នកម្តាយ Ployly M Kaewya បានបង្ហោះរៀបរាប់នៅក្នុងបណ្តាញសង្គមឲ្យដឹងថា៖ «កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩នេះ ខ្លួននិងស្វាមីបាននាំកូនប្រុសទៅមន្ទីរពេទ្យ ដោយកូនប្រុសរបស់ខ្លួនឈឺខ្លាំងដល់ថ្នាក់ដង្ហក់ខ្យល់សឹងតែផុតដង្ហើម ហើយខណៈពេលនោះចរាចរណ៍នៅតាមដងផ្លូវគឺមានសភាពកកស្ទះជាខ្លាំង ទើបអ្នកម្តាយសម្រេចចិត្តឲ្យឪពុកចតឡាននៅកៀនផ្លូវដើម្បីសុំម៉ូតូគេជិះព្រោះវាអាចនឹងរហ័សជាង។ ចៃដន្យសំណាងល្អក៏មានអ្នកដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន Grab Food ឆ្លងកាត់ ហើយនាងក៏បានពឹងគេ ចំណែកអ្នកដឹករូបនោះក៏ពុំមានបដិសេធអ្វីដែល ស្ម័គ្រចិត្តជូនទៅ ដោយទឹកចិត្តនេះគឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ដែលជាហេតុនាងធ្វើការបង្ហោះរឿងនេះចូលក្នុងបណ្តាញសង្គម ដើម្បីចែករំលែក ព្រមទាំងអរគុណដល់វីរៈបុរសដឹកជញ្ជូនរូបនោះ»។
អ្នកម្តាយរូបនេះបានរៀបរាប់បន្ថែមឲ្យដឹងថា៖ «នៅថ្ងៃកើតហេតុ គឺក្មេងមានសភាពធម្មតា សុខភាពក៏មិនមានអ្វីខុសប្លែក ពេលដែលនាងស្ទាបក៏មិនមានក្តៅអ្វី។ ស្រាប់តែខណៈពេលកំពុងគេងពេលថ្ងៃ ស្រាប់តែកូនប្រុសខ្លួនបែកពពុះមាត់ ចាប់ផ្តើមប្រកាច់កន្ត្រាក់ៗ ដែលជាហេតុធ្វើឲ្យនាង និងស្វាមីស្លោស្លន់ប្រញា៉ប់បញ្ជូនកូនទៅមន្ទីរពេទ្យ។ ពេលនៅតាមផ្លូវព្យាបាលកូនប្រុសរបស់នាងចាប់ផ្តើមដង្ហក់ខ្យល់ និងក្អួត ដែលធ្វើឲ្យនាងជាម្តាយតក់ស្លុត និងព្រួយបារម្ភជាខ្លាំង ជាសំណាងល្អណាស់ដែលនាងបានជួបបុរសដឹកជញ្ជូនរបស់ Grab Food រូបនេះ។ ហើយពេលនេះ កូនប្រុសរបស់នាងគឺមានអការៈប្រសើហើយ ព្រោះតែបានជួបគ្រូពេទ្យទាន់ពេលវេលា ព្រមទាំងបានពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់។ នាងពិតជាមិនដឹងថារកអ្វីមកថ្លែងអំណរគុណដល់បុរសរូបនោះឡើយ តែនាងនឹងសងគុណរូបគាត់តាមដែលអាចធ្វើទៅបាន»៕
- Share This Post:













