សង្គម

ទីក្រុងបាងកក គ្រងតំណែងចំណាត់ថ្នាក់លេខ១ បួនឆ្នាំជាប់គ្នា ជាទីក្រុងដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនបំផុតលើពិភពលោក

BY
Khmernote Media
September 5, 2019

ចាប់តាំងពីឆ្នាំ២០០៩មក កំណើនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរកម្សាន្តក្រៅប្រទេសជុំវិញពិភពលោកគឺហាក់មានការកើនឡើងគួរជាទីកត់សម្គាល់ ដោយគិតមកទល់ពេលបច្ចុប្បន្ននេះគឺមានការកើនឡើងដល់ទៅ ៧៦% ទូទាំងពិភពលោក។ ថ្មីៗយោងតាមរបាយការណ៍របស់ Mastercard’s Global Destination Cities Index បានឲ្យដឹងថាទីក្រុងបាងកក ប្រទេសថៃបានផ្តួល ទីក្រុងល្បីៗឈ្មោះរបស់ពិភពលោកដូចជា ប៉ារីស ទីក្រុងឡុងដ៍ និងឌូបៃ ដោយឈរនៅលំដាប់លេខរៀងទី១ រយៈពេល៤ឆ្នាំជាប់គ្នា សម្រាប់តំណែងទីក្រុងដែលទទួលបានភ្ញៀវធ្វើដំណើរកម្សាន្ត និងស្នាក់នៅលើសពីមួយយប់ច្រើនបំផុតក្នុងពិភពលោក។

យោងតាមរបាយការណ៍ទេសចរណ៍ពិភពលោកប្រចាំឆ្នាំ២០១៨ បានឲ្យដឹងថាទីក្រុងបាងកក ប្រទេសថៃ គឺទទួលបានភ្ញៀវទេសចរណ៍ ដល់ទៅចំនួនជាង ២២.៧៨ លាននាក់ ដោយគិតជាមធ្យមភ្ញៀវទេសច​រណ៍ទាំងនោះចាយអស់ចំនួន ១៨៤ដុល្លារ ក្នុងរយៈពេលមួយថ្ងៃ។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍នេះបានធ្វើឲ្យទីក្រុងបាងកក អាចដណ្តើមយកជ័យលាភីលេខ១ ពីប្រទេសប៉ែកខាងអឺរ៉ុបដូចជា ក្រុងប៉ារីស និង ទីក្រុងឡុងដ៍ ដែលទទួលបានភ្ញៀវទេចរណ៍ជាង ១៩ លាននាក់តែប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៩នេះ ប្រទេសថៃ ហាក់នៅតែជឿជាក់ថាក្រុងបាងកក នឹងនៅតែអាចឈរនៅក្នុងលំដាប់លេខរៀងទី១របស់ពិភពលោក ជាប់ឈ្មោះជាទីក្រុងដែលមានភ្ញៀវកម្សាន្តច្រើនបំផុត ព្រោះតែរាជរដ្ឋាភិបាលខ្លួនបានរៀបចំកម្មវិធីកម្សាន្តជាច្រើនដើម្បីត្រៀមទុកទទួលភ្ញៀវទេសចរណ៍ជាពិសេសក្នុងរដូវកាលពិធីបុណ្យណូអែល និងឆ្លងឆ្នាំថ្មី សម្រាប់ចុងឆ្នាំនេះ។

របាយការណ៍ទេសចរណ៍ថៃបូកសរុបត្រឹមខែសីហា ២០១៩ កន្លងទៅនេះ ភ្ញៀវទេសចរណ៍ដែលមកទស្សនាប្រទេសថៃគឺមានការកើនឡើងចំនួន ៣.៣៤% បើធៀបទៅនឹងឆ្នាំមុន ដោយភាគច្រើនកំណើននៃភ្ញៀវទេសចរណ៍គឺជាភ្ញៀវជនជាតិចិន។ ខាងក្រោមនេះគឺជាទីក្រុងទាំង១០របស់ពិភពលោកដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនបំផុតក្នុងឆ្នាំ២០១៨៖
១. ក្រុងបាងកក ឬ ក្រុងថេប ប្រទេសថៃ ២២.៧៨ លាននាក់
២. ប៉ារីស ប្រទេសបារាំង ១៩.១០ លាននាក់
៣. ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ១៩.០៩ លាននាក់
៤. ក្រុងឌូបៃ ​អារ៉ាប់រួម ១៥.៩៣ លាននាក់
៥. សឹង្ហបុរី ១៤.៦៧ លាននាក់
៦. កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ១៣.៧៩ លាននាក់
៧. ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ១៣.៦០ លាននាក់
៨. ទីក្រុង​អ៊ីស្តង់​ប៊ុល ប្រទេសទួរគី ១៣.៤០ លាននាក់
៩. តូក្យូ ប្រទេសជប៉ុន ១២.៩៣ លាននាក់
១០. ទីក្រុងអាន់តាលីយ៉ា ប្រទេសទួរគី ១២.៤១ លាននាក់៕

Share This Post: