សង្គម

ក្មេងប្រុសម្នាក់ត្រូវមហាជនព្រួតវាយ និងធ្លាក់ចូលក្នុងបឹងចាក់សំរាមលង់ទឹកស្លាប់ ក្រោយត្រូវគេចោទប្រកាន់ថាជាចោរលួចអាវយឺត

BY
Khmernote Media
September 14, 2019

យោងតាមប្រភពទំព័រផ្លូវការរបស់អង្គការសិទ្ធិមនុស្សប្រចាំកម្ពុជា (United Nations Human Rights in Cambodia) បាននិទានរឿងខ្លី និងជារឿងពិតមួយឲ្យដឹងថា៖

«កាលពីខែកក្កដា ឆ្នាំ ២០១៧ នៅស្ទឹងមានជ័យ កុមារអាយុ ១៥ ឆ្នាំ ម្នាក់ ត្រូវបានចោទប្រកាន់ថាពាក់អាវយឺតមួយ ដែលក្មេងប្រុសនោះបានលួច។ មានមនុស្សម្នាមួយចំនួនប្រមូលគ្នាមកដាល់ និងវាយដំក្មេងប្រុសនោះ ហើយមានមនុស្សម្នាមួយចំនួនបានគប់កំប៉ុងស្រាបៀរដាក់ក្មេងប្រុស។ យំស្រក់ទឹកភ្នែកដោយមានឈាមប្រឡាក់ផងនោះ ក្មេងប្រុសនោះបានអង្វរសុំក្តីមេត្តាកុំឲ្យធ្វើបាបគេ។ ក្មេងប្រុសបានគេចខ្លួនរួច តែត្រូវជាប់ចំណងដៃទាំងពីរទៅក្រោយខ្នង ហើយក្មេងប្រុសនោះក៏បានធ្លាក់ចូលទៅក្នុងបឹងមួយដែលគេប្រើវាសម្រាប់ចាក់សំរាម។ មនុស្សម្នាទាំងឡាយបានឈរមើលក្មេងនោះលង់ទឹកដោយពួកគេមិនចង់ជួយសង្គ្រោះឡើយ។

មន្ត្រីនគរបាលបានប្រទះឃើញសាកសពក្មេងប្រុសនៅពេលព្រឹកថ្ងៃបន្ទាប់។ សាកសពនោះមានឃើញស្នាមជាំជាច្រើន។ តើក្មេងប្រុសពិតជាបានប្រព្រឹត្តិបទល្មើសមែនទេ? គ្មានអ្នកណាម្នាក់ដឹងទេ ប៉ុន្តែអ្នកដែលបានស្លាប់ទៅហើយមិនអាចការពារខ្លួនគេបានទេ។ តើអាវយឺតមួយ ឬសម្ភារផ្សេងៗមានសារៈសំខាន់ជាងជីវិតមនុស្សឬ? សូមគិតឡើងវិញ! ប្រសិនបើអ្នកឃើញអំពើហិង្សាដោយមហាជន សូមកុំចូលរួម»៕

ប្រភព៖ United Nations Human Rights in Cambodia

Share This Post: