សង្គម

គួរឲ្យស្រលាញ់ណាស់! ក្មេងមួយក្រុមរស់នៅតំបន់ភ្នំ ធ្វើទស្សនកិច្ចសិក្សាមកកាន់ទីប្រជុំជន នាំគ្នាដោះស្បែកជើងចូលហាង ហើយប្រាប់អ្នកគ្រូថា «ពួកខ្ញុំខ្លាចប្រឡាក់ហាងគេ»

BY
Khmernote Media
October 10, 2019

ថៃ៖ កាលពីថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ពីរូបភាពក្មេងៗសិស្សសាលាតូចៗដែលរស់នៅលើតំបន់ភ្នំមកធ្វើទស្សនកិច្ចសិក្សានៅឯទីប្រជុំជន ជួបហាងលក់ឥវ៉ាន់២៤ម៉ោង នាំគ្នាដល់ស្បែកជើងចូលព្រោះតែខ្លាចប្រឡាក់ហាងគេ។

ករណីក្មេងៗគួរឲ្យស្រលាញ់ និងបានបង្រៀនអប់រំបានយ៉ាងល្អមួយនេះត្រូវបានចែករំលែកពេញបណ្តាញសង្គម ដោយមហាជនហាក់ពេញចិត្ត និងចាប់អារម្មណ៍ជាខ្លាំង។ ដោយតាមការរៀបរាប់របស់អ្នកគ្រូបានឲ្យដឹងថា៖ «ក្មេងៗទាំងនេះគឺជាសិស្សដែលនៅតំបន់ភ្នំឆ្ងាយ ដាច់ស្រយាលពីទីប្រជុំជន ដើម្បីឲ្យពួកគេបានដឹងបានស្គាល់ពីទិដ្ឋភាពខាងក្រៅប្លែកពីតំបន់ពួកគេរស់នៅ អ្នកគ្រូបានធ្វើដំណើរទស្សនកិច្ចសិក្សាមួយមកទីប្រជុំជន។

ដោយពេលមកដល់មុខហាងលក់ទំនិញមួយអ្នកគ្រូបានណែនាំប្រាប់ក្មេងឲ្យដឹងថា នេះជាហាងលក់ទំនិញដែលគេហៅថា សេវេន អ៊ីលេវិន ដែលបើកលក់ទំនិញ២៤គ្មានថ្ងៃបិទ ដោយក្នុងតំបន់យើងរស់នៅពុំមាននោះឡើយ។ ក្មេងៗអាចចូលទិញទំនិញបាន តែត្រូវរើសយកទំនិញណាដែលមានតម្លៃសមស្របជាមួយប្រាក់ដែលយើងមាន អ្នកគ្រូសុំទៅបន្ទប់ទឹកមួយភ្លែត មកវិញអ្នកគ្រូនិងចូលមើលប្អូនៗតាមក្រោយ»។

លុះពេលត្រលប់មកវិញអ្នកគ្រូបានឃើញភាពគួរឲ្យស្រលាញ់របស់ពួកគេ ដោយក្មេងៗនាំគ្នាដោះស្បែកជើងពួកគេដាក់មាត់ទ្វាដោយមានមិត្តភក្តិ២ ៣នាក់នៅឈរយាម។ អ្នកគ្រូបានសួរថា៖ «ហេតុអ្វីបានជាគេដោះស្បែកជើង?» ក្មេងៗឆ្លើយថា៖ «អ្នកគ្រូធ្លាប់បង្រៀនថាត្រូវចេះគោរពអ្នកដទៃ ហេតុដូចនេះពួកខ្ញុំឃើញហាងគេស្អាត ក៏នាំគ្នាដោះស្បែកជើងទុកទៅព្រោះខ្លាចប្រឡាក់ហាងគេ»។ ចម្លើយ និងភាពគួរឲ្យស្រលាញ់របស់ពួកគេហាក់ធ្វើឲ្យអ្នកគ្រូពេញចិត្តជាខ្លាំង ជាពិសេសពួកគេបានយកចិត្តទុកដាក់លើការបង្រៀន និងដំបូន្មានរបស់គ្រូ៕

អត្ថបទ៖ មេសា

Share This Post: