ខឹងចិត្ត ហើយស្តាយលុយទៅបញ្ចូលហ្គេមកន្លែងគេថ្លៃខ្លាំងពេក បើកកន្លែងបញ្ចូលហ្គេមខ្លួនឯងតម្លៃថោកៗ
- April 6, 2018
ប្រសិនបើអ្នកជាអ្នកនិយមលេងហ្គេមតាមម៉ាស៊ីនដូចជា Play Station, Xbox ឬក៏តាមកុំព្យួទ័រ អ្នកប្រហែលជាធ្លាប់លឺឈ្មោះ ស្តេច ហ្គេម ដែលគាត់ជាអ្នកបញ្ចូលហ្គេមដ៏ល្បីឈ្មោះមួយរូបនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ចង់ដឹងថា តើមូលហេតុអ្វីបានជា ស្តេច ហ្គេម បង្កើតមុខរបរនេះឡើង? មកអានកិច្ចសំភាសន៍រវាងក្រុមការងារខ្មែរណូតជាមួយនឹងស្តេចហ្គេមទាំងអស់គ្នា។
SDACH GAME ស្តេច ហ្គេម គឺជាឈ្មោះដែលមហាជនជាច្រើនបានស្គាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក រីឯឈ្មោះពិតរបស់គាត់នោះគឺ ងួន ស៊ីណាត។ លោក ស៊ីណាត បានឲ្យដឹងថា ដំបូងឡើយលោកគ្រាន់តែជាអ្នកដាក់ទូរស័ព្ទសាធារណៈតែប៉ុណ្ណោះ ប៉ុន្តែជំនាន់នោះរបរសេវាទូរស័ព្ទសាធារណៈដាច់ខ្លាំងណាស់ ដោយសារតែសេវាទូរស័ព្ទនៅពេលនោះថ្លៃ។ ព្រោះតែចូលចិត្តលេងហ្គេម លោកបានយកចំណូលពីរបរទូរស័ព្ទសាធារណៈខ្លះៗយកទៅទិញម៉ាស៊ីនហ្គេម PS1 (PlayStation 1) និង PSP (PlayStation Portable) លេង។
ជំនាន់នោះចង់លេងហ្គេមថ្មីៗ (PSP) លោកត្រូវទៅបញ្ចូនទៅផ្សារសូរិយា ដោយហ្គេមមួយតម្លៃ៣ដុល្លារ ហើយលោកស្តាយលុយខ្លាំងណាស់ ដែលចំណាយលុយបញ្ចូលហ្គេមលេង ព្រោះចង់លេងហ្គេមថ្មី ត្រូវចំណាយលុយបញ្ចូលអាថ្មី ហើយលុបហ្គេមចាស់ចោលទៀត។ ក្រោយមកក៏សម្រេចចិត្តទៅតម្លើងកុំព្យួទ័រមួយខ្លួនឯង ដើម្បីសន្សំហ្គេម ដែលបានបញ្ចូល និង Download ទុកក្នុងកុំព្យួទ័រនោះ ដោយពេលនោះលោកបានសុំ អិនធើណេត អ្នកជិតខាងប្រើ ដើម្បី Download។

ក្រោយមកអាជីវកម្មដាក់ទូរស័ព្ទសាធារណៈរកមិនសូវបាន លោកក៏បញ្ឈប់របរនោះ ហើយនៅដើមឆ្នាំ២០១០ លោកក៏បានចាប់ផ្តើមអាជីវកម្មបញ្ចូលហ្គេមតែម្តង។ ចាប់តាំងពីបើកអាជីវកម្មមក លោករងការលំបាកយ៉ាងខ្លាំង ដោយសារតែកន្លែងគាត់តូចចង្អៀតត្រូវហាលខ្យល់ ហាលភ្លៀង ហើយជាពិសេសពេលភ្លៀងមកម្តងៗត្រូវរកកៅស៊ូបាំង កុំឲ្យសាចទឹកចូលម៉ាស៊ីនកុំព្យួទ័រខូច។ លោកបានបន្ថែមទៀតថា រូបលោកឆ្លងកាត់ភាពលំបាកយ៉ាងច្រើនទំរាំតែអាជីវកម្មបញ្ចូលហ្គេមរបស់លោកដំណើរការ និងទទួលបានការគាំទ្រ ព្រមទាំងមានទីតាំងស្រួលបួលដូចសព្វថ្ងៃនេះ។
ស្តេចហ្គេម បានបញ្ជាក់ទៀតថា លោកបញ្ចូលហ្គេមគ្រប់ប្រភេទឲ្យភ្ញៀវតម្លៃតែ ២,៥០០រៀលប៉ុណ្ណោះក្នុងមួយហ្គេម ហើយក្រៅពីបញ្ចូលហ្គេម លោកក៏មានលក់ម៉ាស៊ីនហ្គេម PlayStation និង Xbox ថែមទាំងមានលក់កុំព្យួទ័រ និងតម្លើងកុំព្យួទ័រផងដែរ។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់បញ្ចូលហ្គេមសប្បាយៗ កុំភ្លេច SDACH GAME ស្តេច ហ្គេម ដែលមានទីតាំងផ្ទះលេខ៣៦៧ ផ្លូវ២៣៨ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នៅម្តុំសាលាវឌ្ឍនវិជ្ជា ឬអាចទំនាក់ទំនងតាមរយៈហ្វេសប៊ុក (SDACH GAME ស្តេច ហ្គេម)៕






អត្ថបទ៖ សេម
- Share This Post:






