ជាថ្មីម្ដងទៀត! អាមេរិកប្រហែលជាត្រូវពន្យារពេលដំឡើងពន្ធទំនិញចិនទៀតហើយ
អ្នកចរចាអាមេរិក និងចិន ត្រូវបានគេរាយការណ៍ថា កំពុងពន្យាពេលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលរបស់ចិន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ រលឹកដែរថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធបន្ថែមទៅលើទំនិញចិនដែលមានតម្លៃរហូតដល់ ១៦០ពាន់លានដុល្លារ ហើយប្រសិនបើវាអនុម័តមែននោះ ផលិតផលដូចជា៖ ស្មាតហ្វូន និងសម្លៀកបំពាក់ជាដើមសុទ្ធតែរងសម្ពាធ។ កិច្ចព្រមព្រៀងរវាងភាគីទាំងពីរនៅតែមានភាពស្មុគស្មាញ ដោយប្រទេសទាំងគូមានការខ្វែងគំនិតគ្នាលើបញ្ហានានា ដែលរួមមានទាំងផលិតផលកសិកម្មអាមេរិកដែលចិននឹងត្រូវទិញយក និងរបៀបដកហូតពន្ធគយ។

កាសែតអាមេរិករាយការណ៍ថា លោក ត្រាំ មិនបានធ្វើការសម្រេចចិត្តចុងក្រោយលើការដំឡើងពន្ធដែលបានគ្រោងទុកនោះទេ។ ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានលោក Larry Kudlow ក៏បាននិយាយកាលពីថ្ងៃអង្គារដែរថា មិនទាន់មានការសម្រេចចិត្តច្បាស់លាស់ណាមួយនៅឡើយទេលើពន្ធគយនេះ។ ប៉ុន្តែយ៉ាងណាក្រុមអ្នកសង្កេតការណ៍កំពុងឃ្លាំមើលដើម្បីពិនិត្យមើលថា តើទីក្រុងវ៉ាស៊ីនតោននឹងបន្តដំឡើងពន្ធក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ឬយ៉ាងណា? ចម្លើយមានតែត្រូវចាំអ៊ុតមើលនៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ៕


អត្ថបទ៖ លីដា