សាកលវិទ្យាល័យមួយនៅបាងកក បានសាងសង់កសិដ្ឋានលើដំបូលធំជាងគេបំផុតនៅអាស៊ី
សាកលវិទ្យាល័យ Thammasat នៅទីក្រុងបាងកក ដែលជាសាលាចំណាស់ជាងគេមួយនៅប្រទេសថៃ បានកំពុងតែបង្កើតគំនិតច្នៃប្រតិដ្ឋថ្មីមួយ ដោយបានសាងសង់កសិដ្ឋានលើដំបូលធំជាងគេបំផុតនៅអាស៊ី នៅពីលើដំបូលអគារសិក្សាផ្ទាល់តែម្ដង។ នៅពីក្រោយគំនិតស្ថាបត្យកម្មទេសភាពពណ៌បៃតងដ៏ធំ ដែលមានទំហំ ៧០០០ម៉ែតការ៉េ (៧៥,០០០ ហ្វីតការ៉េ) គឺដើម្បីអាចជួយពួកគេក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុដូចជាទឹកជំនន់ជាដើម។

អ្នកនាង Kotchakorn Voraakhom ម្ចាស់នៃគំនិតស្ថាបត្យកម្មនេះបាននិយាយថា យើងទាំងអស់គ្នាច្រើនបែងចែកឱ្យដាច់ពីគ្នារវាងអគារ និងធម្មជាតិបៃតង ប៉ុន្តែការពិតធម្មជាតិបៃតងទាំងនោះក៏អាចរួមបញ្ជូលគ្នាជាមួយនឹងការរចនារបស់អគារបានដែរ។ ជាក់ស្ដែងដំបូលក៏ជាចន្លោះទូលាយដែលយើងច្រើនតែទុកវាចោល ហើយយើងក៏អាចប្រើវាជាការដាំដុះ ដើម្បីទប់ស្កាត់ឥទ្ធិពលការប្រែប្រួលអាកាសធាតុ និងអាចបង្កបង្កើនផលដំណាំទុកហូបបានផងដែរ។
ការរចនានេះពិតជាគំនិតថ្មីមួយសម្រាប់អ្នកក្រុងបាងកក ហើយវាក៏អាចដោះស្រាយនូវការពិតដែលថា ប្រទេសនេះនឹងកាន់តែមានភាពក្ដៅហួតហែងនៅឆ្នាំបន្ទាប់ទៀត។ ម៉្យាងទៀតជិត ៤០% នៃរដ្ឋធានីថៃ អាចនឹងត្រូវជន់លិចជារៀងរាល់ឆ្នាំ នៅឆ្នាំ២០៣០ ដោយសារមានភ្លៀងធ្លាក់ខ្លាំង។ ពោលគឺការប្រែប្រួលអាកាសធាតុបានធ្វើឱ្យគ្រប់កន្លែង មិនថាជាក្នុងប្រទេសថៃត្រូវរងបញ្ហារដូវ និងកម្ដៅមិនទៀងទាត់ទាំងអស់។ មួយវិញទៀតថ្មីៗនេះអ្នកនាងក៏បានរចនាសួនសាធារណៈថ្មីមួយ ដែលមានផ្ទៃដី ៤ហិកតា (១១អាក្រេ) នៅសាកលវិទ្យាល័យជូឡាឡុងកន ដែលអាចផ្ទុកទឹកភ្លៀងបានរហូតដល់ទៅ ១លានហ្គាឡុន ឯណោះ៕



អត្ថបទ៖ លីដា