អ្នករើសអេតចាយមហាសំណាងម្នាក់រើសបានកម្អួតត្រីបាឡែនមួយដុំធំមានតម្លៃជាង ៧០ ម៉ឺនដុល្លារ
ថៃ៖ អ្នករើសអេតចាយនៅតាមឆ្នេរសមុទ្រម្នាក់ត្រូវបានគេរាយការណ៍ថា រើសបានកម្អួតត្រីបាឡែនមួយដុំធំ ដែលមានតម្លៃរហូតដល់ជាង ៧០ ម៉ឺនដុល្លារអាមេរិក។ អ្នករើសអេតចាយកំពូលសំណាងរូបនេះមានឈ្មោះថា Surachet Chanchu រស់នៅនិងប្រកបរបរជាអ្នករើសអេតចាយនៅតំបន់ឆ្នេរសមុទ្រ Songkhla ក្នុងភាគខាងត្បូងនៃប្រទេសថៃ។ លោក Surachet Chanchu បានប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី ១១ ខែឆ្នូ កន្លងទៅនេះ គាត់បានប្រទះឃើញដុំរឹងពណ៌ប្រផះមួយដុំធំពេលដែលគាត់កំពុងដើររើសអេតចាយដូចសព្វដង ហើយខណៈពេលនោះគាត់មិនច្បាស់ក្នុងចិត្តទេថា ដុំរឹងនោះជាអ្វីឲ្យប្រាដក។ យ៉ាងណាក្តី គាត់បានរើសយកដុំនោះមកទុកនៅក្នុងផ្ទះដើម្បីពិនិត្យនិងធ្វើតេស្តជាច្រើនដងទើបគាត់ដឹងច្បាស់ថា ដុំនោះជាកម្អួតរបស់ត្រីបាឡែន ដែលជារបស់កម្រនិងមានតម្លៃមួយ។

សូមបញ្ជាក់ជូនថា កម្អួតត្រីបាឡែនគឺជាសារធាតុដែលហៀរចេញពីត្រីបាឡែនតាមបែបធម្មជាតិ ហើយសារធាតុដ៏កម្របំផុតមួយនេះគឺជាវត្ថុធាតុដើមល្អបំផុតសម្រាប់ច្នៃធ្វើជាទឹកអប់ ដែលមានតម្លៃថ្លៃៗនៅលើពិភពលោក។ តាមតម្លៃទីផ្សារក្នុងពេលបច្ចុប្បន្នកម្អួតត្រីបាឡែនមួយដុំនេះ ត្រូវបានអ្នកជំនាញព្យាករណ៍ថាអាចមានតម្លៃរហូតដល់ ៧១៤ ៨៨៥ ដុល្លារអាមេរិកឯណោះ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ លោក Surachet Chanchu កំពុងរង់ចាំការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរថៃ ក្នុងការនាំយកកម្អួតត្រីបាឡែនមួយដុំធំនេះទៅលក់ឲ្យក្រុមហ៊ុនណាដែលហ៊ានទិញក្នុងតម្លៃខ្ពស់បំផុត៕
អត្ថបទ៖ ភក្តី
