ចាប់ពីដើមឆ្នាំ2020តទៅ ជប៉ុននឹងកែប្រែទម្រង់ឈ្មោះថ្មី ដោយដាក់ត្រកូលនៅពីមុខឈ្មោះវិញ
ជប៉ុន៖ ថ្មីៗនេះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានដាក់សំណើរមួយដើម្បីផ្លាស់ប្តូរលំដាប់ឈ្មោះរបស់ជនជាតិជប៉ុន នៅពេលដែលឈ្មោះរបស់ពួកគេត្រូវបានសរសេរជាអក្សរឡាតាំង ឬអក្សរពួកលោកខាងលិច។ ជម្រាបដែរថា ចាប់តាំងពីដើមឆ្នាំនៃសម័យម៉ីជីក្នុងទសវត្ស ឆ្នាំ១៨៧០ ប្រជាជនជប៉ុននៅពេលនិយាយជាមួយបរទេស ពួកគេតែងហៅលំដាប់ឈ្មោះខ្លួនឯងតាមលំនាំបរទេស ពោលគឺហៅនាមខ្លួនឯងពីមុខ ហើយត្រកូលនៅពីក្រោយ។ ប៉ុន្តែយ៉ាងណាសម្រាប់ជនជាតិដើមជប៉ុន ពួកគេតែងតែដាក់ត្រកូលនៅពីមុខជានិច្ច។ វាក៏មិនខុសពីប្រជាជនកម្ពុជាយើងដែរ ដែលយើងតែងប្រើត្រកូលគ្រួសារនៅពីមុខឈ្មោះ។

ដូច្នេះហើយមានន័យថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ របៀបសរសេរតាមបែបពួកលោកខាងលិចនឹងត្រូវប្តូរចេញ ហើយត្រូវដាក់ឈ្មោះតាមជនជាតិដើម។ នៅលើឯកសារ និងគេហទំព័ររដ្ឋាភិបាល ស៊ីនហ្សូ អាបេ (Shinzo Abe) នឹងត្រូវប្តូរជា អាបេ ស៊ីនហ្សូ (ABE Shinzo) ដោលត្រកូល ABE ត្រូវសរសេរជាអក្សរធំ។ អ្នកផ្សេងទៀតដែលមានតួនាទីក្នុងវិស័យសាធារណៈក៏នឹងត្រូវធ្វើបែបនេះដូចគ្នា។ វាមិនមែនជាកាតព្វកិច្ចលើពលរដ្ឋសាមញ្ញក្នុងការធ្វើតាមនោះទេ ប៉ុន្តែគុណសម្បត្តិនៃការធ្វើឱ្យមានស្តង់ដារបង្ហាញថា យូរៗទៅទម្រង់ថ្មីនេះនឹងឈ្នះទម្លាប់ចាស់៕

អត្ថបទ៖ លីដា