ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនបង្កើតឧបករណ៍មេកានិចជំនួយកម្លាំងសម្រាប់ឲ្យមនុស្សចាស់ជរាអាចធ្វើការងារធ្ងន់ៗបាន

    BY autoadmin December 20, 2019
    ជប៉ុនបង្កើតឧបករណ៍មេកានិចជំនួយកម្លាំងសម្រាប់ឲ្យមនុស្សចាស់ជរាអាចធ្វើការងារធ្ងន់ៗបាន

    ជប៉ុន៖ ជប៉ុនទទួលជោគជ័យក្នុងការបង្កើតឧបករណ៍មេកានិចជំនួយកម្លាំង សម្រាប់ជួយសម្រួលការងារ និងបន្ថែមកម្លាំងចំពោះមនុស្សសាច់ជរា ដែលត្រូវលើកដាក់ឬធ្វើការងារដោយប្រើកម្លាំងខ្លាំង។ ឧបករណ៍ជំនួយកម្លាំងនេះត្រូវបានគេហៅដោយភាសាបច្ចេកទេសថា Exoskeleton ហើយពេលគេចង់ប្រើប្រាស់វាគេត្រូវយកវាមកពាក់នៅពីក្រោយខ្នងដូចជាការស្ពាយកាតាបអីចឹងដែរ។ បន្ទាប់ពីពាក់ Exoskeleton នៅលើខ្នងរួចវានឹងធ្វើឲ្យមានរំញោចសាច់ដុំលើរាងកាយ និងជំរុញឲ្យមនុស្សមានកម្លាំងខ្លាំងជាងមុខ ដែលជាមធ្យមមនុស្សម្នាក់ដែលបានពាក់ឧបករណ៍នេះរួចអាចមានកម្លាំងបន្ថែមសម្រាប់លើកវត្ថុដែលមានទម្ងន់រហូតដល់ ២៥ គីឡូក្រាម ខណៈមនុស្សផ្សេងទៀតដែលមិនបានប្រើឧបករណ៍នេះមិនមានកម្លាំងអាចលើករួចឡើយ ឬអាចនិយាយដោយស្រួលស្តាប់ថា ឧបករណ៍នេះនឹងជួយកាត់បន្ថយទម្ងន់នៃវត្ថុដែលលោកអ្នកត្រូវលើកអស់ ២៥ គីឡូក្រាម។

    យោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា Exoskeleton ត្រូវបានដាក់លក់ក្នុងតម្លៃ ១ ៣២២ ដុល្លារអាមេរិក ហើយគ្រាន់តែចេញលក់ភ្លាមឧបករណ៍ប្រភេទនេះបានលក់ដាច់អស់ចំនួន ៤ ០០០ គ្រឿងភ្លាម។ សូមបញ្ជាក់ជូនថា ជប៉ុនជាប្រទេសមួយដែលមានអត្រាមនុស្សចាស់ច្រើនបំផុត ពោលគឺ ២៨% នៃប្រជាជនសរុបជាមនុស្សដែលមានអាយុលើសពី ៦៥​ឆ្នាំ។ អត្រាមនុស្សចាស់ដ៏ច្រើននេះបានធ្វើឲ្យរដ្ឋាភិបាលជប៉ុនកំពុងពិចារណាកំណត់ឲ្យប្រជាពលរដ្ឋចូលនិវត្តន៍នៅអាយុ ៧០ ឆ្នាំទៀតផង ព្រោះតែរដ្ឋាភិបាលខ្វះកម្លាំងពលកម្មសម្រាប់ប្រើប្រាស់៕

    អត្ថបទ៖ ភក្តី

    Share This Post: