រឿងពិតនៅពីក្រោយរូបភាពទូកងព្រះទីនាំងស្តេចថៃ ដែលមាននៅលើយន្តហោះ Thai Airways
ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសថៃគឺក្រុមហ៊ុន Thai Airways International Public Company Limited (THAI) កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅបានដាក់បង្ហាញនូវយន្តហោះ Boeing 777-300 មួយគ្រឿងដែលមានរចនានូវរូបទូកងដែលមានអមលើយន្តហោះ។ បើតាមលោក Sumeth Damrongchaitham ដែលជាអគ្គនាយកក្រុមហ៊ុនអាកាចរណ៍ខាងលើបានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនលោកសម្រេចរចនារូបទូកងមាសនៅលើយន្តហោះដូចនេះ គឺដើម្បីអបអរក៏ដូចជាសម្តែងនូវភក្តីភាពនិងការគោរពដ៏ខ្ពស់ចំពោះពិធីបរមរាជាភិសេករបស់ព្រះមហាក្សត្រថៃ ដែលបានធ្វើឡើងតាំងពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ហើយព្រះរាជពិធីដ៏មហាវិសេសវិសាលមួយនេះនឹងបញ្ចប់ទៅវិញនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ពោលគឺមានរយៈពេល ១ឆ្នាំពេញតែម្តង។

ទូកងមាសខាងលើនេះមានឈ្មោះថា The Suphannahong Royal Barge និងមានឈ្មោះដើមថា Si Suphannahong ឬអ្នកខ្លះហៅថា Chai Suphannahong Royal Barge ត្រូវបានបង្កើតឡើងនៅក្នុងសម័យអយុធ្យាសម្រាប់ប្រើប្រាស់ជាព្រះទីនាំងរបស់ព្រះមហាក្សត្រថៃ។ តាមប្រវត្តិសាស្ត្រទូកង ដែលមានរាងដូចជាសត្វហង្សនេះមានប្រវែង ៤៦, ១៥ ម៉ែត្រ ទទឹង ៣,១៧ ម៉ែត្រ និងមានទម្ងន់សរុប ១៥តោន ហើយកាលពីជំនាន់ដើមផ្នែកមួយចំនួននៃទូកនេះត្រូវបានគេយកមាសសុទ្ធ ទៅរចនាលម្អបន្ថែមទៀតផង។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នឹងប្រើប្រាស់យន្តហោះមានរូបទូកងនេះទាល់តែដល់ថ្ងៃបញ្ចប់ពិធីបរមរាជាភិសេកព្រះមហាក្សត្រថៃគឺនៅថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២០ ហើយយន្តហោះនេះនឹងត្រូវហោះហើរទៅកាន់បណ្ដាប្រទេសអាស៊ីមួយចំនួនដូចជា កូរ៉េខាងត្បូង តៃប៉ិ ក្រុងប៉េងកាំងប្រទេសចិន សឹង្ហបុរី និងម៉ាឡេស៊ីផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ថៃរំពឹងថា ការប្រើប្រាស់យន្តហោះដែលមានរូបទូកមាសនេះនឹងជួយផ្សព្វផ្សាយនិងលើកកម្ពស់វប្បធម៌ថៃទៅកាន់បណ្តាប្រទេសជាច្រើនផងដែរ៕












អត្ថបទ៖ភក្តី