ទីក្រុងមួយរបស់ចិនរងការចោទប្រកាន់ថា បានចម្លងរូបសញ្ញារបស់ក្រុមហ៊ុន The Walt Disney របស់អាមេរិក
ចិន៖ ការរិះគន់មួយបានផ្ទុះឡើងដោយបានចោទប្រកាន់ថា ទីក្រុងមួយក្នុងប្រទេសចិន បានចម្លងរូបសញ្ញា (Logo) របស់ក្រុមហ៊ុន The Walt Disney Company មកធ្វើជារូបសញ្ញាលើវត្ថុអនុស្សាវរីយ៍ទេសចរណ៍តំណាងឲ្យទីក្រុងរបស់ខ្លួន។ គួរម្លឹកជូនថា កាលពីពេលថ្មីៗនេះទីក្រុង Dalian ក្នុងខេត្ត Liaoning ភាគខាងជើងប្រទេសចិន បានបង្កើតកម្មវិធីប្រកួតប្រជែងមួយដោយដាក់ឲ្យសាធារណៈជនប្រជែងគ្នាច្នៃរូបសញ្ញាសម្រាប់ប្រើប្រាស់លើវត្ថុអនុស្សាវរីយ៍ទេសចរណ៍តំណាងឲ្យទីក្រុង ហើយម្ចាស់រូបសញ្ញាដែលត្រូវបានគេជ្រើសរើសយកមកប្រើប្រាស់នោះនឹងត្រូវទទួលបានប្រាក់រង្វាន់ចំនួន ៤ ៣០០ ដុល្លារអាមេរិកផងដែរ។
ក្រោយផ្ទុះការរិះគន់ដូចខាងលើនេះ លោក Su Zhanying ដែលជាអ្នកច្នៃរូបសញ្ញាខាងលើបានអះអាងថា គាត់មិនបានចម្លងម៉ូតរបស់អ្នកណាម្នាក់ឡើយ ពោលគឺគាត់ប្រើគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់គ្រប់ចំណុចទាំងអស់។ យ៉ាងណាក្តី បើពិនិត្យមើលលើប្រភេទអក្សរនៅក្នុងលើរូបសញ្ញាពិតជាមានភាពស្រដៀងគ្នាមែន ហើយរហូតមកទល់នឹងពេលការស៊ើបអង្កេតជាពិសេសមួយកំពុងធ្វើបានធ្វើឡើងដើម្បីរកឲ្យឃើញច្បាស់ថា ទីក្រុងរបស់ចិនពិតជាបានចម្លងរូបសញ្ញារបស់ក្រុមហ៊ុនអាមេរិកមែនឬអត់៕

អត្ថបទ៖ ភក្តី


