ពិតជាគួរឱ្យកោតសរសើរ! កាលពី ២៤ឆ្នាំមុនបុរសម្នាក់នេះចាប់ផ្ដើមការងារពីអ្នកសម្អាតប៉ុណ្ណោះ ហើយទីបំផុតគាត់អាចសម្រេចក្ដីសុបិនក្លាយជាពីឡុត
បុរសម្នាក់នេះចាប់ផ្ដើមការងារជាអ្នកបោសសម្អាតយន្តហោះប៉ុណ្ណោះ ប៉ុន្តែទីបំផុតគាត់ក៏បានបំពេញក្តីសុបិនរបស់គាត់ ដោយបានក្លាយជាអ្នកបើកយន្តហោះពិតមែន។ បុរសម្នាក់នេះត្រូវបានគេឱ្យដឹងថា មានឈ្មោះ Muhammed Abubakar គាត់ជាជនជាតិនីហ្សេរីយ៉ា ហើយគាត់ចាប់ផ្ដើមធ្វើជាអ្នកសម្អាតយន្តហោះតាំងពី ២៤ឆ្នាំមុនមកម្ល៉េះ។ មូលហេតុដែលគាត់ចាប់ផ្ដើមធ្វើជាអ្នកសម្អាត គឺដោយសារថាគាត់មិនអាចទ្រាំរស់ទាំងគ្មានការងារធ្វើនោះទេ។ ម៉្យាងទៀតមុនពេលដែលគាត់មកធ្វើការជាអ្នកសម្អាត គាត់ក៏ត្រូវបានគេបដិសេធមិនឱ្យចូលរៀននៅសាលា Kaduna Polytechnic ផងដែរ ដោយសារថាគាត់មកដាក់ពាក្យចូលរៀនយឺតពេលពេក។ ប៉ុន្តែយ៉ាងណាក៏ដោយគាត់មិនដែលបោះចោលក្ដីស្រមៃចង់ធ្វើជាអ្នកបើកយន្តហោះនោះទេ ទោះបីជាការងារជាអ្នកសម្អាតអាចរកចំណូលបានតែ ២០០ណៃរ៉ា (០.៥ដុល្លារ)។

ដោយសារតែភាពឧស្សាហ៍ព្យាយាមធ្វើការ គាត់ក៏រកបានការងារជាបុគ្គលិកមូលដ្ឋាននៅក្នុងអាកាសយានដ្ឋានមួយនៅ Maiduguri មុនពេលដែលគាត់ចាប់ផ្ដើមដាក់ពាក្យធ្វើជាយានិក (crew member) ឱ្យអាកាសចរណ៍ Kabor Air ហើយធ្វើការបាន ៨ឆ្នាំ គាត់ក៏ប្ដូរទៅធ្វើការឱ្យអាការចរណ៍ Aero Contractors ក្នុងនាមជាអ្នកអូតេះ។ ក្រោយមកទៀតដោយសារឃើញភាពព្យាយាម និងបទពិសោធន៍របស់គាត់ នាយកគ្រប់គ្រងរបស់គាត់ក៏ឡើងប្រាកខែឱ្យគាត់រហូតដល់ ១៧០,០០០ណៃរ៉ា (៤៦៨ដុល្លារ) ។ លោក Abubakar គាត់ក៏ចាប់ផ្ដើមសន្សំលុយទាំងនោះ ហើយគាត់ក៏បានប្រាប់ទៅមេ ពីបំណងដែលគាត់ចង់ធ្វើជាអ្នកបើកយន្តហោះ ហើយមេរបស់គាត់ក៏គាំទ្រគំនិតនេះ។ លុះក្រោយមកទៀតគាត់ក៏អាចមានលុយគ្រប់គ្រាន់ រៀនវគ្គបណ្តុះបណ្ដាលធ្វើជាអ្នកបើកយន្តហោះពីកាណាដា ហើយទទួលបានប័ណ្ណបើកបរយន្តហោះពីទីនោះ។
នៅពេលដែលលោក Abubakar ត្រឡប់ទៅប្រទេសនីហ្សេរីយ៉ាវិញ គាត់ក៏បានចាប់អារម្មណ៍ថា គាត់នៅត្រូវការប័ណ្ណបើកបរយន្តហោះពាណិជ្ជកម្ម (commercial pilot license) មួយទៀត ទើបអាចធ្វើការជាពីឡុតបាន។ ដោយសារតែគាត់គ្មានប្រាក់គ្រប់គ្រាន់ គាត់ក៏បានប្រាប់ទៅនាយកគ្រប់គ្រងរបស់គាត់តាមត្រង់ដើម្បីសុំជំនួយថវិកា។ ដោយសារតែគាត់ជាបុគ្គលិកគំរូតាំងពីដើមផងនោះ ពួកគេក៏បញ្ជូនគាត់មកកាណាដាវិញ ហើយផ្គត់ផ្គង់ថ្លៃរៀនសូត្រគ្រប់យ៉ាង។ ក្រោយមកទៀតគាត់ក៏បានក្លាយជាពីឡុតឱ្យ Aero Contractors ហើយរឿងរ៉ាវរបស់គាត់គឺពិតជាបានបំផុសគំនិតមនុស្សជាច្រើន ដោយហេតុថាសេចក្ដីស្មោះត្រង់ ព្យាយាម និងភាពតស៊ូរបស់គាត់ ក៏ដូចជាការមិនបោះចោលក្ដីស្រមៃ ទើបធ្វើឱ្យគាត់មានថ្ងៃនេះ៕



អត្ថបទ៖ លីដា