ប្រទេសដែលមានឥទ្ធិពលជាងគេបំផុតទាំង១០ ក្នុងឆ្នាំ២០១៩
វាគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលថាសហរដ្ឋអាមេរិកនៅតែរក្សាតំណែងរបស់ខ្លួនជាប្រទេស ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៩ តាមពីក្រោយដោយប្រទេសរុស្ស៊ី និងចិន។ របាយការណ៍ប្រចាំឆ្នាំដោយទស្សនាវដ្តី CEOWORLD បានពិពណ៌នាសហរដ្ឋអាមេរិកថា ជាមហាអំណាចសេដ្ឋកិច្ច និងយោធាលេចធ្លោជាងគេនៅលើពិភពលោក។ អាមេរិកក៏មានឥទ្ធិពលវប្បធម៌យ៉ាងច្រើនមកលើពិភពលោកផងដែរដោយសារតែរបៀបវប្បធម៌ប្រជាប្រិយរបស់វា ត្រូវបានបង្ហាញនៅក្នុងតន្ត្រី ភាពយន្ត សៀវភៅ និងកម្មវិធីទូរទស្សន៍។

ដើម្បីចងក្រងចំណាត់ថ្នាក់ប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក របាយការណ៍បានមើលពីឥទ្ធិពលនយោបាយ និងហិរញ្ញវត្ថុរបស់ប្រទេសនីមួយៗដូចជា៖ GDP, ទំហំប្រជាជន និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់។ ក៏ដូចជាសម្ព័ន្ធភាពអន្តរជាតិ យោធា និងរបៀបដែលប្រទេសនោះដើរតួជាមេដឹកនាំអន្តរជាតិ។ របាយការណ៍បានលើកឡើងថា បណ្តាប្រទេសដែលមានឥទ្ធិពលបំផុតនៅលើផែនដីទាំងនេះ ក៏ជាប្រទេសដែលមានអានុភាពព័ត៌មាន អ្នកធ្វើគោលនយោបាយ និងបង្កើតគំរូសេដ្ឋកិច្ចពិភពលោក។ សម្រាប់ប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពីភពលោកមានដូចជា៖ អាមេរិក (១), រុស្ស៊ី (២), ចិន (៣), អាល្លឺម៉ង់ (៤), ចក្រភពអង់គ្លេស (៥), បារាំង (៦), ជប៉ុន (៧), អ៊ីស្រាអែល (៨), អារ៉ាប់ប៊ីសាអូឌីត (៩) និងកូរ៉េខាងត្បូង (១០)៕


អត្ថបទ៖ លីដា