ការស្ទង់មតិមួយបង្ហាញថា ស្មាតហ្វូនជាមូលហេតុដែលធ្វើឱ្យសមត្ថភាពកីឡារបស់កុមារធ្លាក់ចុះ
ការស្ទង់មតិទូទាំងប្រទេសដោយទីភ្នាក់ងារកីឡាជប៉ុនបានរកឃើញថា កម្លាំងកាយសម្បទា និងសមត្ថភាពកីឡារបស់កុមារបច្ចុប្បន្នបានធ្លាក់ចុះយ៉ាងគួរឱ្យកត់សម្គាល់ ហើយទីភ្នាក់ងារក៏បានបន្ទោសបញ្ហានេះទៅលើស្មាតហ្វូនផងដែរ។ នេះជាការស្ទង់មតិប្រចាំឆ្នាំដែលមើលទៅលើសកម្មភាពរាងកាយ ដូចជាការរត់ និងបោះបាល់ ក៏ដូចជារបៀបរស់នៅរបស់កុមារចំនួន ២.១លាននាក់ ចាប់តាំងពីថ្នាក់ទី៥ ដល់អនុវិទ្យាល័យ។ នៅក្នុងការស្ទង់មតិនេះពួកគេរកឃើញថា សមត្ថភាពរាងកាយជាមធ្យមរបស់កុមារបានធ្លាក់ចុះបើធៀបនឹងឆ្នាំមុនៗ ទាំងក្មេងប្រុស និងក្មេងស្រី។

កម្លាំងកាយសម្បទានិងសមត្ថភាពកីឡាជាមធ្យមសម្រាប់ក្មេងប្រុសថ្នាក់ទី៥ បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមក្នុងឆ្នាំ២០០៨។ មូលហេតុគឺដោយសារ កុមារជាពិសេសក្មេងប្រុសចំណាយពេលច្រើនមើលទូរទស្សន៍ ឬប្រើស្មាតហ្វូនច្រើនពេកនៅពេលទំនេរ។ ម៉្យាងទៀតពេលវេលាដែលសិស្សអនុវិទ្យាល័យចំណាយលើសកម្មភាពកីឡា ក៏ធ្លាក់ចុះជាង ៩០នាទី ក្នុងមួយសប្តាហ៍ផងដែរ។ ថ្វីបើប៉ុន្មានឆ្នាំកន្លងមកនេះសកម្មភាពកីឡារបស់កុមារត្រូវបានលើកស្ទួយ ប៉ុន្តែកុមារនៅតែមានសមត្ថភាពកីឡាអន់ថយ ដែលនេះវាពិតជាគួរឱ្យបារម្ភមែនទែន។ ទីភ្នាក់ងារក៏និយាយផងដែរថា អ្វីដែលសាលាអាចធ្វើបានគឺវាមានដែនកំណត់ ដូច្នេះវាចាំបាច់ណាស់ដែលថាត្រូវមានការចូលរួមពីសហគមន៍ទើបកុមារអាចមានកម្លាំងកាយសម្បទា និងសមត្ថភាពកីឡាល្អឡើងវិញ៕



អត្ថបទ៖ លីដា