និស្សិតចិនក្រីក្រម្នាក់បានស្លាប់ ដោយសារទៅប្រកួតជាមួយអ្នកប្រដាល់អាជីព ដូរជាមួយលុយប្រហែល ៣៤ដុល្លារ
និស្សិតសាកលវិទ្យាល័យអាយុ ២២ឆ្នាំម្នាក់ បានស្លាប់នៅឯមន្ទីរពេទ្យ បន្ទាប់ពីបានប្រដាល់ជាមួយអ្នកប្រដាល់អាជីពមិនដែលចាញ់ម្នាក់។ ការប្រកួតនេះត្រូវបានធ្វើឡើងនៅទីក្រុង Chengdu កាលពីថ្ងៃទី៣០ ខែវិច្ឆិកា នៅពេលដែលជនរងគ្រោះឈ្មោះ Ming Jixian ជានិស្សិតសាកលវិទ្យាល័យដែលគ្មានប្រវត្តិប្រដាល់ទាល់តែសោះ និងហ្វឹកហាត់បានតែមួយខែប៉ុណ្ណោះ បានទៅប្រដាល់ជាមួយអ្នកប្រដាល់ឈ្មោះ Wang Haoran អាយុ១៩ឆ្នាំ ដែលធ្វើការប្រកួត ១១ដង មិនដែលចាញ់ ហើយថែមទាំងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់បានរហូត ៣ដង។

ប្រភពបានរាយការណ៍ថា Ming Jixian បានទទួលយកការប្រកួតនេះប្តូរនឹងទឹកប្រាក់ប្រហែល ៣៤ដុល្លារ ដោយសារតែខ្លួនមានជីវភាពខ្វះខាតពេក។ ចំណែកនៅក្នុងការប្រកួតរបស់អ្នកទាំង២ គឺមានរយៈពេលតែ ៣៥វិនាទី មុនពេលដែល Ming បានដួលសន្លប់។ ក្រោយមកទៀត Ming ក៏បានសន្លប់រហូតមក (coma) ហើយប៉ុន្មានសប្ដាហ៍ក្រោមតមកទៀត នាថ្ងៃសុក្រសប្ដាហ៍មុន គាត់ក៏បានស្លាប់នៅឯមន្ទីរពេទ្យទីក្រុង Chengdu ។ សពថ្ងៃគ្រួសាររបស់ Ming កំពុងត្រូវការជំនួយខ្លាំងណាស់ ព្រោះពួកគាត់បានចំណាយរហូតដល់ទៅ ២៨,៥០០ដុល្លារអាមេរិក លើស្ថានភាពរបស់ Ming ៕


អត្ថបទ៖ លីដា