ប្រជាជនវៀតណាមមិនចូលចិត្តផឹកកាហ្វេប្រ៊េនបរទេសនោះទេ ពួកគេចូលចិត្តកាហ្វេក្នុងស្រុកច្រើនជាង
កាហ្វេវៀតណាមគឺប្រើគ្រាប់រ៉ូបូស្ដា (robusta) មានរសជាតិចាស់ ជូរ និងកាហ្វេអ៊ីនខ្ពស់ជាងប្រភេទគ្រាប់អារ៉ាប៊ីកា (arabica) ដែលជាប្រភេទគ្រាប់មានរសជាតិស្រាល ហើយជាតិកាហ្វេអ៊ីនក៏ស្រាលជាងផងដែរ។ ប្រភេទគ្រាប់រ៉ូបូស្ដាអាចរកបាននៅទូទាំងប្រទេសវៀតណាម រីឯគ្រាប់អារ៉ាប៊ីកាភាគច្រើនត្រូវបានបម្រើតែនៅតាមហាងកាហ្វេម៉ាកបរទេសប៉ុណ្ណោះ។ ថ្វីបើហាងកាហ្វេ និងហាងតែរីកដុះដាលដូចផ្សិត ហើយមានតម្លៃថ្លៃក៏ដោយ ប្រជាជនវៀតណាមនៅតែចូលចិត្តកាហ្វេក្នុងស្រុកច្រើនជាង។ ពោលគឺគ្រាប់កាហ្វេរបស់វៀតណាមរីកមុខមាត់នៅទីផ្សារអន្តរជាតិ ប៉ុន្តែកាហ្វេប្រ៊េនបរទេសពិបាកក្នុងការរីកលូតលាស់ក្នុងប្រទេសវៀតណាម។

វៀតណាមជាប្រទេសដែលនាំចេញគ្រាប់កាហ្វេធំជាងគេទី២ នៅក្នុងពិភពលោកនេះ ហើយពួកវណ្ណៈកណ្ដាលក៏កើនឡើងជាលំដាប់ ដូច្នេះហើយប្រ៊េនបរទេសចង់ចាប់ផ្ដើមទីផ្សារនៅទៅនោះដោយសង្ឃឹមនឹងដើរដោយរលូន ប៉ុន្តែវាមិនដូចអ្វីដែលពួកគេរំពឹងទុកនោះទេ។ ជាក់ស្ដែងដូចជាកាហ្វេអូស្ត្រាលី Gloria Jean’s Coffee បានដកខ្លួនចេញពីប្រទេសវៀតណាមក្នុងឆ្នាំ២០១៧ ខណៈដែលប្រ៊េនដ៏ល្បីល្បាញ Starbucks មានចំណូលមិនដល់ ៣% នៃតម្លៃហាងកាហ្វេបរទេសសរុបនៅក្នុងប្រទេសវៀតណាមផង។ អាចនិយាយបានថា ប្រជាជនវៀតណាមមិនចូលចិត្តកាហ្វេស្រាលនោះទេ ឬអាចថាពួកគេមិនចង់ចំណាយច្រើនជាមួយប៊្រេនបរទេស ហើយគាំទ្ររបស់ក្នុងស្រុកច្រើនជាង៕


អត្ថបទ៖ លីដា