ឆ្នាំ២០១៩ គឺជាឆ្នាំមានករណីឃាតកម្មទ្រង់ទ្រាយធំបំផុត ដែលមិនធ្លាប់មានពីមុនមកនៅអាមេរិក
ក្នុងចំណោមកំណត់ត្រាដែលសហរដ្ឋអាមេរិកធ្លាប់បានកត់ត្រាកន្លងមក ឆ្នាំ២០១៩នេះគឺជាឆ្នាំដែលមានកំណត់ត្រាសោកសៅ និងគួរឱ្យសង្វេគជាងបំផុត។ ការសិក្សាថ្មីមួយបានបង្ហាញថា វាជាឆ្នាំដែលមានករណីឃាតកម្មច្រើនបំផុតចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយ និងសាកលវិទ្យាល័យចំនួន ៣ ចាប់ផ្តើមតាមដានករណីនេះឡើង។ ជាក់ស្ដែងមានជនរងគ្រោះ ២១១នាក់ ជាមួយនឹងករណីសម្លាប់រង្គាលចំនួន ៤១ នៅឆ្នាំនេះ បើយោងទៅតាមទិន្នន័យដែលបានរក្សាទុកដោយសារព័ត៌មាន Associated Press, USA Today និងសាកលវិទ្យាល័យភាគឦសាន។

វាជាចំនួនដ៏ច្រើនបំផុតនៃការសម្លាប់រង្គាលចាប់តាំងពីអង្គភាពសារព័ត៌មានទាំងពីរ និងសាកលវិទ្យាល័យបានចាប់ផ្តើមតាមដានពួកគេក្នុង ឆ្នាំ២០០៦។ ពួកគេនិយាយថា ទោះបីឃាតកម្មនៅទសវត្សឆ្នាំ១៩៧០ ក៏មិនអាចប្រៀបជាមួយឆ្នាំ២០១៩ បានដែរ។ ឧបទ្ទវហេតុដ៏សាហាវបំផុតបានកើតឡើងនៅក្នុងខែសីហា នៅពេលដែលលោក Patrick Crusius អាយុ ២១ឆ្នាំ បានបាញ់សម្លាប់មនុស្ស ២២នាក់ នៅខាងក្នុងទីក្រុង El Paso រដ្ឋ Texas ។ កាលនោះវាត្រូវបានគេជឿថា ជារឿងរើសអើងជាតិសាសន៍ ដោយសារគាត់បាននិយាយថា គាត់ចង់សម្លាប់ប្រជាជនម៉ិកស៊ិកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕



អត្ថបទ៖ លីដា