សមាជិកសភាបក្សកាន់អំណាចរបស់ជប៉ុនម្នាក់ត្រូវបានចាប់ខ្លួន ពីបទទទួលសំណូកពីក្រុមហ៊ុនចិនជាថ្នូរដើម្បីបើកកន្លែងកាស៊ីណូ និងរីសត
ព្រះរាជអាជ្ញាជប៉ុនបាននិយាយថា សមាជិកសភានៃគណបក្សប្រជាធិបតេយ្យសេរី (LDP) លោក Tsukasa Akimoto ត្រូវបានចាប់ខ្លួននៅថ្ងៃនេះ ទី២៥ ខែធ្នូ ពីបទសង្ស័យទទួលសំណូកពីអាជីវកម្មចិន ពាក់ព័ន្ធនឹងគម្រោងបើករីសតចម្រុះ (IR) រួមទាំងកាស៊ីណូ។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងតូក្យូ បានវាយឆ្មក់ការិយាល័យរបស់លោក Tsukasa Akimoto ក៏ដូចជាផ្ទះរបស់អតីតជំនួយការរបស់គាត់ពីរនាក់ផ្សេងទៀត ទាក់ទងនឹងការចោទប្រកាន់ថា អតីតមន្រ្តីជាន់ខ្ពស់រូបនេះបានយកលុយពីបរទេសចូលក្នុងប្រទេសដោយខុសច្បាប់។ ព្រះរាជអាជ្ញាសង្ស័យថា Tsukasa Akimoto ទទួលបានប្រាក់ ៣លានយ៉េន ឬប្រហែល ២៧,៤០០ដុល្លារ ជាសាច់ប្រាក់ ក្នុងខែកញ្ញា ឆ្នាំ២០១៧។ កាលនោះគាត់គឺជារដ្ឋមន្រ្តីរដ្ឋនៅការិយាល័យខុទ្ទកាល័យ និងក្រសួងទេសចរណ៍។

លោក Akimoto បានប្រាប់ NHK កាលពីថ្ងៃអង្គារថា លោកមិនដែលទទួលយកសំណើណាមួយពីក្រុមហ៊ុន ឬផ្តល់ការបើកផ្លូវពិសេសអ្វីនោះទេ។ នៅក្នុងសារ Twitter កាលពីថ្ងៃពុធ លោកបានបដិសេធមិនពាក់ព័ន្ធនឹងការធ្វើខុសច្បាប់ណាមួយនោះទេ។ ប៉ុន្តែយ៉ាងណាប្រភពបាននិយាយថា លោក Akimoto បានជួបជាមួយនាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុនចិនមួយ នៅឯការិយាល័យកណ្តាលរបស់ខ្លួននៅទីក្រុង Shenzhen កាលពីខែធ្នូ ឆ្នាំ២០១៧។ ហើយកាលពីខែកុម្ភះ ឆ្នាំ២០១៨ គាត់ក៏បានទៅលេងភូមិ Rusutsu នៅភាគខាងជើងនៃកោះហុកកៃដូ របស់ប្រទេសជប៉ុន ដោយជួបជាមួយអភិបាលក្រុង និងមន្រ្តីជាន់ខ្ពស់នៃអាណាខេត្ត។ ក្រុមហ៊ុនចិនមួយនោះគឺមានបំណងវិនិយោគធ្វើជារីសតចម្រុះមួយ ដែលបានគ្រោងទុកនៅក្នុងភូមិដែលគាត់បានចុះទៅមើល៕


អត្ថបទ៖ លីដា