គូស្នេហ៍មួយត្រូវគេសើចចំអក ដោយសារខាងប្រុសសុំខាងស្រីរៀបការក្នុងហាងធម្មតាៗមិនឡូយឆាយ ប៉ុន្តែចុងក្រោយពួកគេទទួលបាននូវកាដូ ដែលមិនអាចបំភ្លេចបាន
នៅពេលដែលអ្នកមានស្នេហាពិត របស់ប្រណិតក្រៅខ្លួនគឺមិនសំខាន់ជាងទឹកចិត្តរបស់អ្នកនោះទេ។ មិនថានៅពេលដែលអ្នកស្នើសុំនាងរៀបការក្នុងពេលដ៏សាមញ្ញបំផុត ឬសូម្បីតែនៅក្នុងហាងអាហារធម្មតា វានៅតែជាពេលវេលាដ៏ពិសេស និងអស្ចារ្យសម្រាប់អ្នកទាំង២ជានិច្ច។ ជាក់ស្ដែងកាលពីខែមុន មានគូស្នេហ៍ជនជាតិអាហ្រ្វិកខាងត្បូងមួយគូ ឈ្មោះ Nonhlahla Soldaat និង Hector Mkansi បាននាំគ្នាមកបរិភោគអាហារក្នុងហាង KFC ហើយក្រោយមកទៀតគេបានឃើញខាងប្រុសសុំមិត្តស្រីរបស់គាត់រៀបការ ជាមួយនឹងទឹកមុខសប្បាយរីករាយ ខណៈមនុស្សម្នានៅទីនោះបានស្រែកហោរ ហើយទះដៃអបអរគូស្នេហ៍ទាំង២។ លុះក្រោយមកទៀតវីដេអូដែលបុរសនោះសុំមិត្តស្រីរៀបការ ក៏បានទទួលភាពល្បីល្បាញក្នុងបណ្ដាញសង្គមយ៉ាងឆាប់រហ័ស។

ប៉ុន្តែមិនថាវាជាពេលវេលាដ៏សំខាន់បែបណា វានៅតែមានអ្នកទើស និងសើចចំអកអ្នកទាំង២ ដោយគណនីមួយក្នុង Twitter បានចំអកអ្នកទាំង២ថា៖ “បុរសនៅអាហ្វ្រិកគឺក្រ ពួកគេសុំមិត្តស្រីរៀបការក្នុង KFC… ពួកគេគ្មានភាពថ្លៃថ្នូរទេ ខ្ញុំចង់និយាយថា មានអ្នកណាគេដែលសុំរៀបការក្នុង KFC នោះ”។ យ៉ាងណាក៏ដោយវាមិនច្បាស់ទេថា នារីម្នាក់នោះនិយាយលេង ឬមែននោះទេ ប៉ុន្តែការដែលគាត់ពោលពាក្យបែបនេះចេញមករួច គឺវាបង្ហាញថាជាភាពរើសអើង និងមើលងាយគូស្នេហ៍ទាំងនោះ។ ក្រោយមកក៏មានអ្នកលេងបណ្ដាញជាច្រើនបានធ្វើការរិះគន់ទៅនារីនោះ ហើយក្រោយៗមកទៀតមានហាង និងក្រុមហ៊ុនជាច្រើនបានប្រកាសស្វែងរកគូស្នេហ៍នោះ ជាមួយការផ្ដល់ជូនជាច្រើនរួមមាន៖ ដំណើរកម្សាន្ត, ចិញ្ចៀន, មធ្យោបាយធ្វើដំណើរ និងស្មាតហូន… ដែលលោកអ្នកអាចមើលនៅក្នុងរូបខាងក្រោម៖











អត្ថបទ៖ លីដា