ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានអ្នកស្លាប់ ១៤នាក់ និងរបួសធ្ងន់ ២២នាក់ ក្នុងហេតុការណ៍យន្តហោះធ្លាក់នៅប្រទេសកាហ្សាក់ស្ថាន

    BY autoadmin December 27, 2019
    យ៉ាងហោចណាស់មានអ្នកស្លាប់ ១៤នាក់ និងរបួសធ្ងន់ ២២នាក់ ក្នុងហេតុការណ៍យន្តហោះធ្លាក់នៅប្រទេសកាហ្សាក់ស្ថាន

    យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់ បន្ទាប់ពីយន្តហោះរបស់អាកាសចរណ៍ Bek Air ដែលផ្ទុកអ្នកដំណើរទាំងអស់ ៩៨នាក់ បានធ្លាក់នៅជិតទីក្រុង Almaty ក្នុងប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃសុក្រនេះ ភ្លាមៗបន្ទាប់ពីហោះឡើង។ គណៈកម្មាធិការអាកាសចរណ៍ស៊ីវិលកាហ្សាក់ស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះធុនកណ្ដាលម៉ូដែល Fokker 100 ដែលធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Nur-Sultan មានបញ្ហាជាមួយនឹងរយៈកម្ពស់ (lost altitude) នៅពេលដែលវាកំពុងហោះឡើង ហើយក៏បានទៅបុកជាមួយអគារកម្ពស់ ២ជាន់ ដែលបណ្ដាលឱ្យអ្នកដំណើរចំនួន ១៤នាក់ត្រូវស្លាប់ ខណៈ ២២នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ។

    មន្រ្តីអាកាសយានដ្ឋានបាននិយាយថា គណៈកម្មការពិសេសមួយកំពុងស៊ើបអង្កេតពីកាលៈទេសៈដែលនាំឱ្យមានឧប្បត្តិហេតុដ៏សាហាវនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម លោកប្រធានាធិបតី Kassym-Jomart Tokayev បានសម្តែងសមានទុក្ខចំពោះមិត្តភក្តិ និងក្រុមគ្រួសារនៃអ្នកដែលបានស្លាប់នៅក្នុងឧប្បត្តិហេតុនេះ។ ទីភ្នាក់ងារសារព័ត៌មាន Kaz Inform បានដកស្រង់សម្តីប្រធានាធិបតីដែលនិយាយជាភាសាកាហ្សាក់ស្ថានថា៖ “អ្នករងរបួសទាំងអស់នឹងត្រូវផ្តល់ជំនួយ។ អ្នកទទួលខុសត្រូវទាំងអស់នឹងត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរស្របតាមច្បាប់” ។ គួរឱ្យដឹងដែរថា ក្រុមហ៊ុនដែលផលិតយន្តហោះម៉ូដែលនេះបានក្ស័យធនក្នុងឆ្នាំ១៩៩៦ ហើយការផលិតរបស់ Fokker-100 បានបញ្ឈប់នៅឆ្នាំបន្ទាប់នោះ។ អាជ្ញាធរប្រទេសបាននិយាយថា រាល់ជើងហោះហើររបស់អាកាសចរណ៍ Bek Air និងយន្តហោះម៉ូដែល Fokker 100 នៅក្នុងប្រទេសកាហ្សាក់ស្ថានត្រូវបានផ្អាកទាំងអស់ ដើម្បីរង់ចាំការស៊ើបអង្កេតនៃការធ្លាក់នេះ៕

    អត្ថបទ៖ លីដា

    Share This Post: