ទីក្រុងស៊ីដនីកំពុងពិចារណាលុបចោលកម្មវិធីបាញ់កាំជ្រួចអបអរឆ្នាំថ្មី ដោយសារតែបញ្ហាភ្លើងឆេះព្រៃ
អូស្រ្តាលី៖ ពិធីបាញ់កាំជ្រួចអបអរឆ្នាំថ្មីនៅក្នុងក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ទំនងជាមិនអាចត្រូវបានគេរៀបចំឡើងទេនៅក្នុងឆ្នាំនេះ ប្រសិនបើបញ្ហាភ្លើងឆេះព្រៃនៅមិនទាន់ល្អប្រសើរ។ សូមបញ្ជាក់ជូនថា ការបាញ់កាំជ្រួចអបអរឆ្នាំថ្មីនៅក្នុងក្រុងស៊ីនដីគឺជាកម្មវិធីដ៏ពិសេសមួយ ដែលត្រូវចំណាយអស់ទឹកប្រាក់ប្រមាណជា ៦,៥ លានដុល្លារអាមេរិក។ កន្លងមកពិធីនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើននាក់ឲ្យមកកំសាន្តនៅក្រុងស៊ីដនីយ៉ាងច្រើនកុះករតាំងពីពេលល្ងាចរហូតដល់យប់រំលងអាធ្រាត។
យ៉ាងណាក្តី ប៉ុន្មានថ្ងៃមុននេះអូស្ត្រាលីបានកើតមានបញ្ហាភ្លើងឆេះព្រៃនៅតំបន់មួយចំនួន និងបានជះឥទ្ធិពលអាក្រក់ដល់ក្រុងស៊ីដនីផងដែរ ដូចជាកើតមានផ្សែងពុលនៅក្នុងបរិយាកាសច្រើន និងសីតុណ្ណភាពក្នុងក្រុងបានកើនឡើងដល់ ៣៥ អង្សាសេជាដើម។ តាមអាជ្ញាធរក្រុងស៊ីដនីបានបញ្ជាក់ថា ប្រសិនបើស្ថានភាពបរិយាកាសនៅតែមិនអំណោយផល កម្មវិធីបាញ់កាំជ្រួចនឹងមិនត្រូវរៀបចំឡើងនោះទេ ព្រោះគេខ្លាចកើតមានបញ្ហាណាមួយបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែបើគ្មានបញ្ហាចោទនោះទេ គេនឹងរៀបចំពិធីនេះឡើងភ្លាមព្រោះអ្វីៗគេបានរៀបចំរួចជាស្រេចហើយ៕

អត្ថបទ៖ភក្តី