ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ខំចំណាយពេលពេញមួយអាទិត្យផ្គុំ Doraemon ទីបំផុតត្រូវបំផ្លាញដោយសារថ្វីដៃកូនពៅ

    BY autoadmin December 31, 2019
    បុរសម្នាក់ខំចំណាយពេលពេញមួយអាទិត្យផ្គុំ Doraemon ទីបំផុតត្រូវបំផ្លាញដោយសារថ្វីដៃកូនពៅ

    អ្នកលក់ប្រដាប់ក្មេងលេងមកពីប្រទេសថៃម្នាក់ បានបង្ហោះក្នុងហ្វេសប៊ុកបង្ហាញពីការខូចចិត្តរបស់គាត់ នៅពេលដែលកូនឆ្មារបស់គាត់បានធ្វើឱ្យតុក្កតា Doraemon ដែលគាត់បានផ្គុំទុកលក់ឱ្យភ្ញៀវបែកខ្ចាយ។ គាត់បានបង្ហោះរូបភាពទាំងនោះនៅលើហ្វេសប៊ុក កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ថាគាត់ “មានអារម្មណ៍មួម៉ៅ” ហើយគាត់បានបន្ថែមថា គាត់ខំចំណាយពេលផ្គុំវារយៈពេល ១អាទិត្យមកហើយ និងបានបញ្ឈរវា រង់ចាំតែម្ចាស់គេមកទទួលប៉ុណ្ណោះ ប៉ុន្តែពេលនេះគាត់គ្មានអ្វីឱ្យទៅភ្ញៀវតាមការសន្យានោះទេ។

    គាត់បាននិយាយថា Doraemon នេះត្រូវបានផ្គុំដោយប្រដាប់ផ្គុំចំនួន ៤,៥០០ ក្នុងខែមីនា ហើយគាត់ទើបតែរកឃើញអ្នកទិញម្នាក់ប៉ុណ្ណោះថ្មីៗនេះ។ គាត់បានសរសេរថា អតិថិជនបញ្ជាឱ្យធ្វើវាឱ្យបានរៀបរយ ហើយគាត់នឹងមកទទួលវានៅមុនពេលចូលឆ្នាំថ្មី។ ជាអកុសលសម្រាប់គាត់ ការខិតខំប្រឹងប្រែងរបស់គាត់ត្រូវបានរលាយដូចអំបិលត្រូវទឹក បន្ទាប់ពីឆ្មាសំណព្វរបស់គាត់បានធ្វើឱ្យវាបែកខ្ចាយ។ ពោលគឺមុនថ្ងៃកំណត់ដែលភ្ញៀវត្រូវមកយក មិនប៉ុន្មានថ្ងៃប៉ុណ្ណោះ។

    បើមើលតាមរូបភាពឆ្មារបស់គាត់បន្ទាប់ពីបានធ្វើឱ្យ Doraemon បែករួចហើយនោះ ហាក់ដូចជាមិនបានដឹងថា ខ្លួនធ្វើឱ្យម្ចាស់ពិបាកប្រឈមមុខជាមួយភ្ញៀវនោះទេ។ អ្វីដែលគួរឱ្យអស់សំណើច គឺវាថែមទាំងដេកផ្ងារពោះនៅនឹងកន្លែងដែលវាធ្វើឱ្យ Doraemon បែកទៀត។ នៅក្នុងការបង្ហោះនោះគាត់បានសរសេរថា៖ “ឆ្មាចង្រៃ! ប្រដាប់ផ្គុំ [ជាតុក្កតា Doraemon] ទាំង ៤,៥០០ ត្រូវខ្ទេចខ្ទីអស់! ខ្ញុំនឹងសម្លាប់ឯង!” ប៉ុន្តែយ៉ាងណាក៏ដោយក៏គាត់មិនអាចលើកដៃធ្វើបាបកូនពៅរបស់គាត់បានដែរ ទោះបីជាគាត់ខឹងខ្លាំងប៉ុណ្ណា វាគ្រាន់តែជាការបង្ហោះបែបកំប្លែងប៉ុណ្ណោះ។ រឿងរ៉ាវរបស់គាត់ក៏ត្រូវបានគេបង្ហោះលើ Twitter ផងដែរ ដែលមានអ្នកចុច retweet និង favorite រាប់ម៉ឺនដងទៀតផង៕

    អត្ថបទ៖ លីដា

    Share This Post: