មានតែ២ពាន់រៀលក្នុងខ្លួនយកមកកាត់សក់ តែសំណាងប៉ះចំជាងកាត់សក់ចិត្តធម៌ប្រាប់ថា “ថ្ងៃក្រោយអត់លុយមកកាត់សក់កន្លែងពូមក ពូមិនយកលុយទេ”
សង្គម December 31, 2019 Khmernote

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវមួយគួរឲ្យកោតសរសើរ ដោយមានបងប្រុសម្នាក់ជាជាងកាត់សក់ បានបង្ហាញនូវទង្វើសប្បុរសធម៌ដោយបងប្រុសរូបនេះបានកាត់សក់ឲ្យក្មេងប្រុសមួយរូបដោយមិនយកថវិកា។

ដោយជាងកាត់សក់ចិត្តធម៌មានគណនីហ្វេសប៊ុកឈ្មោះ Chan Tha Om បានឲ្យដឹងថា ក្មេងប្រុសរូបនោះមានតែ២០០០រៀលក្នុងខ្លួន ដែលជាលុយកាក់បានមកពីម្តាយដែលដើររើសអេតចាយ បានឃើញបែបនេះបងប្រុសក៏មិនយកថវិកា ថែមទាំងថាថ្ងៃក្រោយក្មេងប្រុសរូបនោះអាចមកកាត់សក់កន្លែងលោកដោយមិនគិតប្រាក់។​

ប្រភពដដែលបានសរសេររៀបរាប់ថា៖ “ថ្ងៃនេះមានក្មេងម្នាក់ មកសួរតម្លៃកាត់សក់ កាត់សក់ក្មេងប៉ុន្មានពាន់ទៅពូ ខ្ញុំក៏ឆ្លើយប្រាប់គេវិញថាកាត់សក់ក្មេង ៣៥០០រៀល ប៉ុន្តែគេថាខ្ញុំអត់មានលុយគ្រប់ទេពូ ខ្ញុំមានតែ ២០០០រៀលទេ។ ខ្ញុំឃើញអាណិតពេកក៏កាត់សក់ឱ្យគេទៅ គេបានឲ្យខ្ញុំ ២០០០រៀល ប៉ុន្តែខ្ញុំមានអារម្មណ៍ថាអាណិត ពេលដែលគេនិយាយថា ម៉ាក់ខ្ញុំដើររកអេតចាយ ឲ្យខ្ញុំតែ ២០០០រៀលទេពូ។ ពេលខ្ញុំឮបែបនេះ ខ្ញុំក៏ឱ្យលុយទៅគេវិញ ហើយខ្ញុំនិយាយជាមួយគេថា ថ្ងៃក្រោយអត់លុយមកកាត់សក់កន្លែងពូមក ពូមិនយកលុយទេ”៕